អាជ្ញាធរមិនខ្ចីខ្វល់ខណះឈ្មួញយកដីថ្នល់សង់សំណង់បិទផ្លូវ!
បន្ទាយមានជ័យ: អាជ្ញាធរ បណ្តែតបណ្តោយឲ្យ ប្រជាពលរដ្ឋ រស់នៅដីផ្លូវសាធារណះ របស់រដ្ឋ យ៉ាងអនាធិបតេយ្យ ពេលនេះ បានក្លាយជាបញ្ហា យ៉ាងធ្ងន់ធ្ងរ សំរាប់ប្រជាពលរដ្ឋស្របច្បាប់ ខណះដែលពលរដ្ឋអាណាធិបតេយ្យនោះលក់ដីអោយឈ្មួញ សង់អាគាររឹងមាំនិងបិតផ្លូវពួកគាត់រកច្រកចូលផ្ទះមិនបាន។
រឿងរ៉ាវ នេះបានធ្វើឲ្យជនរងគ្រោះបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីកាពារសម្បត្តិរដ្ឋ ដូចជាផ្លូវសាធារណះជំនួសអាជ្ញាធរក៏ព្រោះតែចង់បានផ្លូវសំរាប់ចេញចូលផ្ទះរបស់ខ្លួន។
កាលពីថ្ងៃ១៧ខែសីហា ឆ្នាំ ២០១៧ នេះ អ្នកស្រី អ៊ឹមសំអ៊ាន អាយុ ៤១ឆ្នាំ បច្ចុប្បន្ន រស់នៅចំណុចទល់ខ្នងគ្លីនិក នគររាជ ស្ថិត នៅក្នុង ភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។បានរៀបរាប់ ថាអ្នកស្រី មាន ក្តី កង្វល់ជាខ្លាំងព្រោះតែ បច្ចុប្បន្ន នេះ លំនៅដ្ឋាន របស់អ្នកស្រី ស្ទើរតែរកផ្លូវចូលផ្ទះមិនបានព្រោះតែគេបិតផ្លូវគ្រប់ច្រកតែម្តង។
អ្នកស្រី បន្តឲ្យដឹងទៀតថា ដំបូងឡើយ ដីដែលអ្នកស្រីកាន់កាប់នោះ មានទំហំ ១២ម៉ែត្រ គុណ ២០ ម៉ែត្រ ជាផ្លូវកែងដោយខាងត្បូងជាប់និងផ្លូវ២០ម៉ែត្រ បុកពីផ្សារត្រីបាញ់ឡេងទៅទល់នឹងដីឡូដិ៍ អង្គការគ្រួសារថ្មី ហើយ ខាងលិចជាប់និងផ្លូវ២០ម៉ែត្រដែលផ្លូវនោះចេញពី ផ្សាររ៉ាចាស់ បុកទៅដល់ វត្ត ត្រាច។
តែដោយសារតែមានការបណ្តែតបណ្តោយពី អាជ្ញាធរ ផងទើបនៅ កំឡុង ឆ្នាំ២០០០ ក៏មានប្រជាពលរដ្ឋ មកសងផ្ទះហោះផ្ទះហើរ លើផ្លូវសាធារណះកាន់តែច្រើនឡើងៗរហូតរកផ្លូវចេញចូលមិនចង់បាន តែអ្វីដែល ធ្វើឲ្យធ្ងន់ធ្ងរទៅទៀតនោះគឺនៅក្នុងឆ្នាំ២០១៣ មានឈ្មួញម្នាក់ឈ្មោះ ហ៊ុយឆាយបានទិញដីពីប្រជាពលរដ្ឋ ដែលរស់នៅអនាធិបតេយ្យ(ផ្ទះហោះផ្ទះហើរ)នោះ បានសង់សំណង់រឹងមាំលើដីផ្លូវសាធារណះនិងបានបិទផ្លូវផ្ទះអ្នកស្រីមិនឲ្យចេញបានដោយសារតែព្រួយបារម្ភ ចំពោះការបិទផ្លូវនេះអ្នកស្រីបានប្តឹងអាជ្ញាធរ គ្រប់ជាន់ថ្នាក់តែហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ អ្នកស្រីមិនអស់ចិត្តក៏បន្តប្តឹងទៅតុលាការតែតុលាការក៏បានច្រានចោលនិងរុញមកអោយអាជ្ញាធរជាអ្នកដោះស្រាយវិញព្រោះគេមិនអាចប្តឹងរក្សាការពារដីរដ្ឋបាន។អ្នកស្រីក៏ហួសចិត្ត ដែរព្រោះតែ អាជ្ញាធររដ្ឋ មិនសូវខ្វល់ពីការការពារសម្បត្តិ សាធារណះរបស់រដ្ឋបែបនេះ។
តែទោះជាយ៉ាងណា អ្នកនិងសាកល្បងប្តឹងទៅចៅសង្កាត់ប៉ោយប៉ែតថ្មីដែលមកពីកូតា គណបក្ស សង្គ្រោះជាតិវិញម្តងថាតើអាចដោះស្រាយបញ្ហានេះបានដែរឬក៏យ៉ាងណា។
ពាក់ព័ន្ធ បញ្ហានេះលោក កងសុខឿន ចៅសង្កាត់ស្តីទី សង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា លោកបានជួបស្ត្រីរងគ្រោះនិងបានដឹងរឿងរ៉ាវហើយតែលោកថារឿងនេះវាពិបាកក្នុងការដោះស្រាយណាស់ព្រោះតែស្ត្រី រងគ្រោះនេះគាត់បានទៅដាក់ពាក្យបណ្តឹងរក្សាការពារនៅតុលាការតែក្រោយមកមិនដឹងយ៉ាងម៉េចតុលាការច្រានចោលយ៉ាងណាក៏មិនដឹង។
ហើយចំពោះរឿងដែលគាត់ថាឲ្យសង្កាត់ទៅផ្អាកករសាងសង់សំណង់របស់គេនោះគឺមិនអាចទេ ព្រោះលឺថា គេបានសុំការអនុញ្ញាតិពី សាលាក្រុងរួចរាល់ហើយទើបគេអាចសាងសង់បានបែបនេះ ៕