បញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងថ្នាំញៀនទៅតុលាការ!
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងប្រើប្រាស់ និងចែកចាយថ្នាំញៀនទៅតុលាការខណៈឆែកឆេរឃើញគ្រឿងញៀនខេទឹកកកចំនួន០២កូនថង់តូច។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានប្រាប់ថាជនសង្ស័យត្រូវចាប់ខ្លួននោះឈ្មោះ ថៃ សីលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ទៀតថា ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន ទើបធ្វើការឃាត់ខ្លួនឈ្មោះ ថៃ សីលា ព្រមទាំងដកហូតវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កូនថង់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ករណីនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចបរិវេណវត្តស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពេលកម្លាំងជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតបានរក្សាទុក និងប្រើប្រាស ព្រមទាំងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយបានចម្លើយសារភាព និងមានវត្ថុតាងគ្រប់គ្រាន់ហើយនោះ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕