រថយន្តឆ្លាមបែកចង់មុខ រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់!
ព្រៃវែង ៖យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ ក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ខណៈរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបែកកង់មុខរេចង្កូតធ្លាក់ផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧
នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ស្ថិតត្រង់ចំណុចភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2P-3465 បើកដោយឈ្មោះ នី សិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នករួមដំណើរ ទី១-ឈ្មោះ យ៉េង តុលា ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះ យ៉េង គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ ខឹម ធី ភេទស្រី អាយុ៥៧ឆ្នាំ ទី៤-ឈ្មោះ យ៉េង ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ និងទី៥-ឈ្មោះ រ៉ុម ហុងលី អាយុ១ឆ្នាំ(ស្លាប់) អ្នកទាំងអស់រស់នៅភូមិឃុំជាមួយអ្នកបើកបរ។ បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ ចំណុចខាងលើបានបែកកង់ខាងមុខរួចរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវ (អ្នកទាំងអស់គ្នាជាក្រុមគ្រួសារជាមួយអ្នកបើកបររថយន្ត)។
សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលអោយអ្នកបើកបររថយន្តនិងកុមារី(ស្លាប់) នៅកន្លែងកើតហេតុនិងអ្នករួមដំណើររងរបួសធ្ងន់។
បច្ចុប្បន្នសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកកំពង់ត្របែក រថយន្តយកមករក្សាទុកនៅប៉ុស្តិ៍ក្រាំងស្វាយ ៕