ប៉េអ៉ឹម ប៉ោយប៉ែត ព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នណាដឹងជាងកន្លះខែទាល់តែចេញលើគេហទំព័រកោះសន្តិភាពទើបផ្អើល!
បន្ទាយមានជ័យ៖នៅទីក្រុងប៉ោយប៉ែតអ្នកកាសែត គដូចអាចម៌ភេ បែជាស្ងាត់ឈឹងដូចចោរលួចសេះ ប៉េអឹមព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នកផ្សាយ ទើបតែបែកធ្លាយក្រោយកាសែតកោះសន្តិភាពជួបជនរងគ្រោះនៅមន្ទីពេទ្យ។
ដោយដាក់ចំណងជើងធំៗនៅលើ គេហទំព័រ កោះសន្តិភាព ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៨
ថា៖ត្រឹម ជម្លោះពាក្យ សំដីហេតុអ្វីលោកម៉េអឹម ប្រើធម៌ក្តៅម្ល៉េះ ?
បុរសម្នាក់រងរបួសធ្ងន់រហូតដាច់ពោះវៀនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយអះអាងថា ត្រូវសមត្ថកិច្ចមួយក្រុម (អាវុធហត្ថ) ព្រួតវាយធ្វើបាប បន្ទាប់ពីមានជម្លោះពាក្យសំដីតូចមួយកាលពីចុងខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីនៅភូមិគីឡូម៉ែត្រលេខ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះខាងលើឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ24ឆ្នាំ ជាកម្មករ មានទីលំនៅភូមិក្បាលស្ពាន2សង្កាត់ និងក្រុងប៉ោយប៉ែត។ ជនរងគ្រោះបានរងរបួសចំណុចត្រង់ពោះត្រូវវះកាត់ដេរជាច្រើនថ្នេរនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
ជុំវិញបញ្ហាខាងលើនេះ ជនរងគ្រោះអះអាងថា កាលពីយប់ថ្ងៃទី21 មករា មានការប្រគំតន្ត្រីស្រាបៀរមួយនៅក្នុងភូមិ-កើតហេតុខាងលើ លុះម៉ោងជាង9យប់ថ្ងៃដដែលមានករណីផ្ទុះជម្លោះ គឺបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ សាន គឹមសែន ភេទប្រុស អាយុ28ឆ្នាំ ផ្ទុះជម្លោះជាមួយអ្នកយាមកម្មវិធី។
ជនរងគ្រោះបន្តថា ដោយសារឃើញជម្លោះប្រវាយប្រតប់រវាងបងប្រុស និងអ្នកយាមកម្មវិធីនោះ ខ្លួនក៏បានស្ទុះទៅឃាត់ ព្រោះមិនចង់ឲ្យមានបញ្ហាកើតឡើង តែដឹងអីភាគីម្ខាងសង្ស័យមានខ្សែទុយោបានរាយការណ៍ទៅសមត្ថកិច្ច ។ មួយសន្ទុះក្រោយមកស្រាប់តែមានសមត្ថកិច្ចមួយក្រុមចុះដល់កន្លែងកើតហេតុ មិនសួរនាំអ្វីទាំងអស់ បែរជាចាប់បងប្រុសរបស់ខ្លួនវាយខ្នោះ ហើយខ្លួនដែលរារាំងសមត្ថកិច្ចត្រូវគេព្រួតវាយទាត់ធាក់ រហូតរបួសធ្ងន់ធ្ងរដាច់ពោះវៀន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីតែម្តង។ ជនរងគ្រោះប្រាប់ថា ខ្លួនចង់ដាក់បណ្តឹងទាមទាររកយុត្តិធម៌ដែរ ប៉ុន្តែមិនហ៊ាន ព្រោះយល់ថា គេជាសមត្ថកិច្ច ឯគ្រួសារខ្លួនជាអ្នកក្រ។
ជុំវិញករណីចោទប្រកាន់នេះ មិនទាន់ដឹងថា តើមេបញ្ជាការប៉េអឹមសម្ងំស្ងៀមការពារអំពើរបស់កូនចៅ ឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែសម្រាប់អ្នកប៉ោយប៉ែត ស្រែកខ្លាំងៗថា អយុត្តិធម៌ណាស់… គួរខាងប៉េអឹមមើលសុខទុក្ខអ្នករងគ្រោះផង កុំឱ្យប្រជាជនស្រែកអយុត្តិធម៌បានយូរពេក។
តែមជ្ឈដ្ឋាននានាបានលើកឡើងថា៖រឿងនេះមិនសមសោះព្រោះជនរងគ្រោះដេកពេទ្យជិតជាទៅហើយទើប
បែករឿងដឹងដល់អ្នកកាសែតមិនគួរណាលាក់បាំងបានយូរដូច្នេះទេបើ នៅទីក្រុងប៉ោយប៉ែតអ្នកកាសែត គ ដូចអាចម៌ភេ បែជាស្ងាត់ឈឹងដូចចោរលួចសេះ ប៉េអឹមព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នកផ្សាយ ទើបតែបែកធ្លាយក្រោយកាសែតកោះសន្តិភាពជួបជនរងគ្រោះនៅមន្ទីពេទ្យទ។