មន្ត្រីប៉ូលិសទំនើងវាយបុរសម្នាក់១កែវបែកក្បាលហើយដកកាំភ្លើងគំរាមបាញ់សម្លាប់ពលរដ្ឋ ក្នុងវង់ផឹកស៊ី
បាត់ដំបងៈទើសភ្នែកឃើញមន្ត្រីប៉ូលីសម្នាក់ផឹកស៊ីខ្ជះខ្ជាយគាស់ស្រាបៀរចោលអត់ផឹកយកតែរង្វាន់បុរស
ម្នាក់ថាអោយ ពីបីម៉ាត់ក៏ជម្លោះប្រកែកគ្នាតឹងសសៃកមន្ត្រីនគរបាលទំនើងនោះស្ទុះយកកែវវាយបុរសម្នាក់ត្រូវចំក្បាលឲ្យហូរឈាមស្រោចមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងហើយដកកាំភ្លើងពីចង្កេះគំរាមបាញ់សម្លាប់ជនរងគ្រោះនិងប្រជាពលរដ្ឋក្បែរនោះធ្វើឲ្យពួកគាត់ភ័យលោះព្រលឹងនាំគ្នារត់គេចខ្លួនបាត់អស់។
ស្មានតែស្ងាត់ដឹងអីក្រដាសមិនអាចខ្ចប់ធ្លាយរឿងគេបង្ហោះព្រោងព្រាតប៉ូលីសដាក់មេប្រូចបាត់។
យោងតាមសេចក្ដីរាយការណ៍ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងជាង១០យប់ ស្ថិតនៅវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីនគរបាលដៃដល់ដែលបង្កហិង្សានិងគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋនេះ ត្រូវបានគេស្គាល់ឈ្មោះ មិញ គឿប ហៅ រិទ្ធ មានទីលំនៅភូមវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែក ជនរងគ្រោះឈ្មោះវរអាងមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញមន្ត្រីនគរបាលដែលជាជនដៃដល់ខាងលើគាស់កំប៉ុងស្រាបៀរយកតែរង្វាន់ហើយទុកស្រាបៀរចោល។ ពេលឃើញដូច្នេះ រូបគាត់ (ជនរងគ្រោះ) បាននិយាយទៅកាន់មន្រ្តីនគរបាលរូបនោះថា “បងគាស់ស្រាបៀរហើយ អត់ផឹកអ៊ីចឹង?”។ បន្ទាប់មកក៏មានការទាស់ពាក្យសម្តីគ្នា រហូតដល់តឹងសរសៃក។
ខណៈនោះជនដៃដល់ខាងលើបានទាញកែវវាយទៅលើជនរងគ្រោះឲ្យត្រូវចំក្បាលគាត់បណ្ដាលឲ្យបែកហូរឈាមពេញមុខ ដួលសន្លប់ស្តូកស្តឹងតែម្តង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា មន្ត្រីនគរបាលដៃដល់ខាងលើបន្ទាប់ពីវាយជនរងគ្រោះបែកក្បាលហើយក៏បានដកកាំភ្លើងខ្លីពីចង្កេះមកគំរាមបាញ់សម្លាប់ជនរងគ្រោះទាំងដែលជនរងគ្រោះដួលសម្លប់ទៅលើដីហើយនោះ។
មិនតែប៉ុណ្ណោះជនដៃដល់រូបនេះបានគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋថែមទៀតធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យខ្លាចយ៉ាងខ្លាំងក៏រត់ចែកផ្លូវគ្នាបាត់អស់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ភ្លាមៗផងដែរ។
បន្តិចក្រោយមកសមត្ថកិច្ចស្រុកសំពៅលូនក៏បានចុះមកធ្វើការសួរនាំតែមិនបានឃាត់ខ្លួនជនសង្ស័យនោះទេ។
បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួចរាល់ហើយដែរ។ ដោយឡែកមន្ត្រីនគរបាលទំនើងខាងលើបានរត់គេចខ្លួនបាត់ស្រមោលរហូតមកទល់ពេលនេះហើយកម្លាំងនគរបាលស្រុកសំពៅលូនក៏ហាក់បណ្ដោយឲ្យសំណុំរឿងនេះរសាត់តាមខ្យល់មិនអើពើចំពោះភាពអយុត្តិ
ធម៌លើជនរងគ្រោះ៕