សម្តេចហ៊ុនសែនរំលាយឡូតិ៍បែជាសហគមន៍ភូមិពោធិ៍បិទព្រែកធ្វើអោយរាស្ត្រក្តៅក្រហាយ!
សៀមរាប៖ ព្រែកមេពងដែលជាប្រភពត្រី ត្រូវបាន សហគមន៍ភូមិពោធ៏ដេញថ្លៃអោយឈ្មួញ ហុំព័ទ្ធមិនអោយប្រជាពលរដ្ឋភូមិផ្សេងចូល នេសាទ ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ថាលោកយ៉ាន់គយ មេសហគមន៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានធ្វើផ្ទុយពីគោលការណ៍សម្តេចតេជោដែលលុបបំបាត់ឡូតិ៍នេសាទដើម្បីអោយប្រជាពលរដ្ឋទូទៅបាននេសាទដោះស្រាយជីវភាព។
ដែលទង្វើនេះធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយដូចកំពុងជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាចោលកណ្តាលទន្លេរ។
ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងដែលជាប់ព្រំទល់និងភូមិពោធិ៍ ឃុំ ពោធ៏ទ្រាយ ស្រុកពួួកខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៨នេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅកាន់ចំណុចព្រែកមេពង ដែលស្ថិតនៅភូមិពោធ៏ ឃុំពោធិ៍ទ្រាយ ស្រុកពួួកខេត្តសៀមរាប។ក៏បានឃើញសកម្មភាពបិទហុំព័ទ្ធបិទព្រែកមេពងតែម្ដង។
តែលោក យ៉ាន់គយ ប្រធាន សហគមន៍បាននិយាយថា៖ ការបិទព្រែកមេពងនេះគឺ ដើម្បីសម្រួលដល់ជីវភាពប្រជាជននៅក្នុងសហគមន៍ដែលមានចំនួន១១៨គ្រួសារដែលកំពុងជួបការខ្វះខាត។លោកយ៉ាន់គយបញ្ជាក់ថា៖ការបិទព្រែកមេពងនេះគឺជាសំណើររបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ដែលផ្តិតមេដៃស្នើសុំតាំងពីថ្នាក់អាជ្ញាធរភូមិឃុំនិងស្រុកព្រមទាំងមន្ត្រី ជំនាញផងដែរ។
ហើយលោកក៏មិនបានហាមឃាត់ប្រជាពលរដ្ឋដែលពីភូមិជិតខាងដែលមកចូលនេសាទនៅចំណុចព្រែក មេពងនេះឡើយ។គឺអោយរកដោយយសេរីហាមឃាត់ចំពោះតែបទល្មើសឆក់ត្រីនិងឧបករណ៍ខុសច្បាប់តែប៉ុណ្ណោះ។
ផ្ទុយពីការលើកឡើងនេះប្រជាពលរដ្ឋក្នុងឃុំជិតខាងនោះបានលើកឡើងថា៖ការបិទព្រែកមេពងដែលជាសំបុកត្រីពីសំណាក់សហគមន៍ភូមិពោធិ៍នេះគឺជាការឃុបឃិតរវាងសហគមន៍និងអាជ្ញាធរព្រមទាំងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតដើម្បីយកប្រាក់ដាក់ហោប៉ៅចែកគ្នាចាយប៉ុណ្ណោះ។
ពួកគាត់បញ្ជាក់ថាការហុំបិទព្រែកមេពងនេះគឺសហគមន៍តំរូវអោយសមាជិកក្នុងក្រុមដែលមាន១ក្រុម១០ទៅ២០គ្រួសារចាប់ឆ្នោតដេញថ្លៃក្នុងមួយរដូវម្តង។
ហើយក្រុមណាដេញបានក្រុមនោះមានសិទ្ធធ្វើអាជីវកម្ម។ចំណែកថវិការដែលចេញថ្លៃបាននោះសហគមន៍យកទៅបែងចែកដល់អាជ្ញាធរនិងមន្ត្រីជំនាញផងដែរ។រីឯអ្នកដេញថ្លៃមិនបានមិនអាចចូលរកត្រីនៅចំណុចនោះបានទេ។
ប្រភពបន្តអោយដឹងថា៖ក្រៅពីបិទព្រែកលក់ហើយនោះ សហគមន៍ភូមិពោធិ៍នេះ បានដាក់សម្រាស់ បិទអូរ បិទទំនាបនិងបណ្តោយអោយមានបទល្មើស ឆក់ត្រីយ៉ាងកក្រើកទៀតផង។ចំណែកមន្ត្រីជំនាញមិនបានធ្វើការទប់ស្កាត់ឡើយដោយអោយសហគមន៍នេះប្រមូលលុយពីបទល្មើសទាំងចែកគ្នាចាយលេង។
ប្រភពបានបន្តអោយដឹងទៀតថា៖សព្វថ្ងៃបទល្មើសនេសាទកំពុងតែកើតឡើងពេញបន្ទុកតែម្តង។ព្រោះតែសមត្ថកិច្ចពាក់ព័ន្ធសុទ្ធតែត្រូវសណ្តំ។
ជុំវិញបញ្ហាចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអ្នកសារព័ត៌មានយើងមិនមានលេខទំនាក់ទំនងអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីធ្វើការបកស្រាយបានទេតែយើងនិងរងចាំការបកស្រាយជានិច្ច។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖លោកអភិបាលខេត្តសៀមរាបគួរចុះស្រាវជ្រាវលើករណីនេះផង។ ខណៈប្រជាពលរដ្ឋរិះគន់ថាលោកយ៉ាន់គយមេសហគមន៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានធ្វើផ្ទុយពីគោលការណ៍សម្តេចតេជោដែលលុបបំបាត់ឡូតិ៍នេសាទដើម្បីអោយប្រជាពលរដ្ឋទូទៅបាននេសាទដោះស្រាយជីវភាព។បែជាសហកមន៍មកបិទព្រែកលក់ទៅវិញ។ដែលទង្វើនេះធ្វើអោយប្រជាពលរដ្ឋទូទៅក្តៅក្រហាយដូចកំពុងជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាចោលកណ្តាលទន្លេរដូច្នេះដែរ៕