ប្រទះឃើញសពស្ត្រីម្នាក់ក្នុងបន្ទប់ទឹក របស់លោកអភិបាលរងខេត្តស្វាយរៀងសង្ស័យជាករណីឃាតកម្ម
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់ស្អុយរលួយក្នុងបន្ទប់ទឹករបស់លោកអភិបាលរងខេត្តស្វាយរៀសង្ស័យជាករណីឃាត្តកម្ម។
ហេតុការណ៍ប្រទះឃើញសពស្ត្រីខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ស្ថិតក្នុងភូមិវាលធំឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
បើតាមសម្តីស្ត្រីឈ្មោះទឹង ពៅ អាយុ៤៥ឆ្នាំ នឹងប្តីឈ្មោះស ហន អាយុ៥៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានឲ្យដឹងថាមុនពេលកើតហេតុគាត់និងប្តីបានទៅបេះស្លឹកកន្ទ្រោបក្បែរបន្ទប់ទឹកក្នុងដីឡូរបស់លោក សំប៊ុនណារិទ្ធិអភិបាលរងខេត្តស្វាយរៀង ដើម្បីយកមកស្លរ។ប្រភពដដែលបន្តថា ខណៈដែលគាត់កំពុងបេះស្លឹកកន្ទ្រោបក៏ធុំក្លិនស្អុយអាសោចចេញពីបន្ទប់ទឹករួចគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏ដើរចូលទៅមើល ស្រាប់តែប្រទះឃើញសាកសពស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែល២៥ឆ្នាំ ដេកស្លាប់ក្នុងអាងបន្ទប់ទឹកដោយ មានសភាពស្អុយរលួយសល់តែលលាដ៏ក្បាលហើយគាត់ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនិងបានរាយការណ៍មកសមត្ថកិច្ចឲ្យចុះមកពិនិត្យ។សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលដំណឹងរួចមកកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុហើយបានយកសពចេញពីក្នុងអាងដើម្បីធ្វើការពិនិត្យរួចក៏បានដាក់ការសង្ស័យថានេះគឺជាករណីឃាតកម្ម។បច្ចុប្បន្នសាកសពស្ត្រីខាងលើត្រូវបានកម្លាំងជំនាញបានយកទៅតំកល់និងបូជានៅវត្តជិតកន្លែងកើតហេតុរួចកម្លាំងជំនាញបានធ្វើការស្រាវជ្រាវលើករណីសពស្ត្រីខាងលើនេះបន្តទៀត៕