លោកគ្រូ អ្នកគ្រូបង្រៀននៅសាលាអនុវិទ្យាល័យសម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើផ្លូវ!
ខេត្តព្រះសីហនុ៖លោកគ្រូ អ្នកគ្រូបង្រៀននៅសាលាអនុវិទ្យាល័យសម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើពង្រីកផ្លូវខាងកើតក្រោយសាលារៀនជាប់របងសាលាក្នុងទំហំទទឹង៣ម៉ែត្រ×៤២០ម៉ែត្រ តាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋមូលដ្ឋានខាងលើលេខ១៧៤៧/១៨ ដាក់ជូនលោកអភិបាលខេត្ត ដើម្បីសម្រេចផ្តល់ដីចំណុចខាងលើក្នុងការពង្រីកផ្លូវ ជូនដល់សហគមន៍ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានខាងក្រោយសាលារៀននោះ។
នៅក្នុងពាក្យប្តឹងជំទាស់មួយច្បាប់ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ អមដោយស្នាមមេដៃស្តាំចំនួន៥៣នាក់របស់លោកគ្រូ អ្នកគ្រូបង្រៀននៅសាលាអនុវិទ្យាល័យសម្តេចឪ ដែលមានទីតាំងស្ថិតនៅក្រុម១៥ភូមិ០២ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ គ្រោងនឹងដាក់ជូនលោកអភិបាលខេត្ត ប្តឹងជំទាស់ទៅនឹងការសម្រេចរបស់លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលបានសម្រេចកាត់ដីផ្នែកខាងកើតក្រោយសាលារៀនជាប់របងសាលាក្នុងទំហំទទឹង៣ម៉ែត្រ×៤២០ម៉ែត្រ តាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋមូលដ្ឋានខាងលើលេខ១៧៤៧/១៨ ដាក់ជូនលោកអភិបាលខេត្ត ដើម្បីសម្រេចផ្តល់ដីចំណុចខាងលើក្នុងការពង្រីកផ្លូវ ជូនដល់សហគមន៍ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានខាងក្រោយសាលារៀន។
នៅក្នុងខ្លឹមសារបណ្តឹងជំទាស់សុំការជួយអន្តរាគមន៍រកដំណោះស្រាយពីលោកអភិបាលខេត្តខាងលើ ក្នុងគោលបំណងមិនឲ្យមានករណីកាត់ដីសាលារៀនសម្បទានទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទីតាំងខាងលើ ជាលើកទី២ដោយហេតុថា កន្លងមកសាលារៀនបានសម្បទានដីសាលាក្នុងទំហំទទឹង៦ម៉ែត្រ បណ្តោយរហូតដល់ផុតសាលារៀនសម្រាប់ធ្វើផ្លូវចេញ-ចូលជូនដល់ប្រជាពលរដ្ឋខាងលើម្តងរួចមកហើយ។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា ការសម្រេចរបស់លោកយោងទៅតាមចំណាររបស់លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសារពើរភ័ណ្ឌ (ទ្រព្យសម្បត្តិរដ្ឋថ្នាក់ខេត្ត) ដែលជានិច្ចជាកាលលោកអភិបាលតែងតែយកចិត្តទុកដាក់លើការលំបាក សុខទុក្ខរបស់ប្រជាពលរដ្ឋ ៕