ខឹងចាញ់អាប៉ោងចាក់មេអាប៉ោងបណ្តាលឱ្យស្លាប់នៅកណ្តាលក្រុងភ្នំពេញ!
ភ្នំពេញ៖ ល្បែង ស៊ីសង ជាប្រភពនៃបញ្ហា កើតអំពើហឹង្សា ក្នុងគ្រួសារនិងសង្គម ហើយក៏ជាចលនានាំអោយកើតចោរកម្មគ្រប់ប្រភេទ ដែលធ្វើឲ្យអសន្តិសុខនៅក្នុងមូលដ្ឋាន រហូត ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ភូមិឃុំមានសុវត្ថភាពអោយ សមត្ថកិច្ចប្រឡងប្រជែងគ្នាក្នុងបង្ក្រាបតែអ្វីដែលគេហួសចិត្តមកដល់ពេលនេះកណ្តាលក្រុងភ្នំពេញបែរជាលុបបំបាត់មិនបានរហូតមានអ្នកកាប់សម្លាប់គ្នាក្នុងជម្លោះល្បែងស៊ីសងផងដែរ។
មានសេចក្តីរាយការណ៍ថា៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណីហិង្សាចាក់ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅ មុខផ្ទះគ្មានលេខភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះយស់ ហៃសុម៉េង ភេទ ប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះស្នាក់នៅផ្ទះជួល ភូមិដើមចាន់១សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះរឿន សុីធន់ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករលីអង្ករស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍ ៖កាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ០២០១៨ ម៉ោង២០និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានមកចាក់អាប៉ោងនៅចំណុចកើតហេតុខាងលើរួចជនសង្ស័យចាក់ចាញ់លុយអស់៧មុឺនរៀល ក៏សុំលុយ១មុឺនរៀលវិញតែមេអាប៉ោងពុំព្រមឲ្យជនសង្ស័យក៏ទះតុពេលនោះជនរងគ្រោះដែលកំពុងចាក់អាប៉ោងនៅទីនោះដែរ ក៏រុញជនសង្ស័យចេញ រួចក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំក្រោមឃ្លៀកខាងឆ្វេងធ្លុះដល់បេះដូងដួលសន្លប់ទៅលើដី ពេលនោះក៏មានសមត្ថកិច្ចយើងចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកូនកាំបិតបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀតពេលទៅដល់គ្រូពេទ្យប្រាប់ថាស្លាប់បាត់ហើយ។ ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖នេះជាភាពអាម៉ាស់មួយរបស់សមត្ថកិច្ចរាជធានីភ្នំពេញដែលអសមត្ថភាពបង្ក្រាបល្បែងស៊ីសងដែល ជាប្រភពនៃបញ្ហា កើតអំពើហឹង្សា ក្នុងគ្រួសារនិងសង្គម ហើយក៏ជាចលនានាំអោយកើតចោរកម្មគ្រប់ប្រភេទ ដែលធ្វើឲ្យអសន្តិសុខនៅក្នុងមូលដ្ឋាន រហូត ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ភូមិឃុំមានសុវត្ថភាពអោយ សមត្ថកិច្ចប្រឡងប្រជែងគ្នាក្នុងបង្ក្រាបតែអ្វីដែលគេហួសចិត្ដមកដល់ពេលនេះកណ្តាលក្រុងភ្នំពេញបែរជាលុបបំបាត់មិនបានរហូតមានអ្នកកាប់សម្លាប់គ្នាក្នុងជម្លោះល្បែងស៊ីសងនេះទៀតតើប៉ូលិសក្រុងភ្នំពេញសាកសមជាប៉ូលិសគំរូឬទេ?៕