ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តំណាងរាស្រ្ដអាមេរិករំពឹងថាសម្ដេចហ៊ុនសែននឹងជ្រើសរើសការបញ្ចប់ជម្លោះនឹងលោកសម រង្ស៊ីនៅថ្ងៃ៩ វិច្ឆិកា
Wed,23 October 2019 (Time 06:52 AM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 952នាក់)


អ្នកតំណាងរាស្រ្ដ របស់សហរដ្ឋអាមេរិក លោក ថេតយូហូក្នុងពិធីរំលឹកខួបកិច្ ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី២៨ ដែលមានការចូលរួមពីសហគមន៍ខ្មែរ និងក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ លោក​បានអបអរសាទរផែនការ វិលចូលមាតុភូមិរបស់លោកសមរង្ស៊ីនិងថ្នាក់ដឹកនាំទោះដឹងថានឹងប្រឈមបញ្ហាធំៗបីក្ដី។ តែក្នុងពេលជាមួយគ្នានោះលោកក៏សង្ឃឹមថា សម្ដេចនាយករដ្ឋមន្រ្ដីនឹងបោះចោល សេណារីយ៉ូទាំងបីនោះ ហើយជ្រើសរើសការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនឹងលោកសមរង្ស៊ី។

 

អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្រ្ដសហរដ្ឋអាមេរិក ថេត យូហូថ្លែងក្នុងពិធីរំលឹកខួបសន្ដិភាពសន្ធិសញ្ញា ទីក្រុងប៉ារីស២៣តុលានៅក្នុងមន្ទីររដ្ឋសភាអាមេរិក កាលពីថ្ងៃទី២១តុលាថា លោកចង់ឃើញ នាយករដ្ឋមន្ត្រីកម្ពុជា ជ្រើសរើសការបញ្ចប់ជម្លោះនយោបាយនឹងលោកសមរង្ស៊ី។

 

ស្របពេលដែលលោកបានធ្វើការកោតសរសើរដែលលោកសមរង្ស៊ីមិនរុញរាក្នុងចូលប្រទេសវិញបើទោះបីជាត្រូវជួបនឹងសេណារីយ៉ូបីដែលរដ្ឋាភិបាលនឹងប្រព្រឹត្តលើមេបក្សប្រឆាំងរូបនេះ។ សេណារីយ៉ូទាំងបីនេះ គឺការឃាត់ខ្លួនក្រុមថ្នាក់ដឹកនាំអតីតគណបក្ស សង្គ្រោះជាតិនៅប្រទេសជិតខាង ទី២ ការចាប់ខ្លួនភ្លាមៗឱ្យតែត្រឡប់មកជាន់ទឹកដី កម្ពុជាវិញ និង ទី៣ ការប្រឈមនឹងការសម្លាប់។

 

អ្នកតំណាងរាស្រ្ដរូបនេះជឿជាក់ដូចនឹងក្រុមអតីតគណបក្សសង្គ្រោះជាតិថា នឹងមានអ្នកចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញថ្ងៃទិវាឯករាជ្យជាតិនោះរបស់លោកសមរង្ស៊ី។ ក្នុងថ្ងៃរំលឹកខួប២៣តុលា អ្នកតំណាងរាស្ត្រអាមេរិកបានរំលឹកអំពី សារៈសំខាន់នៃសន្ដិភាពដែលធ្លាប់បានកើតឡើងដោយសារសន្ធិសញ្ញានេះ ទើបលោកបានបន្ដគូសបញ្ជាក់ថាចាប់ពីឆ្នាំ២០១៧ គឺសេរីភាពសារព័ត៌មាន ធ្លាក់ចុះ មានតែការគម្រាមកំហែង អ្នកនយោបាយក្រុមប្រឆាំងត្រូវរត់គេចខ្លួនដើម្បី សុវត្ថិភាពក្រោយតុលាការកំពូលរំលាយគណបក្សពួកគេនិងហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ។

 

ដោយហេតុនេះហើយទើបលោកឱ្យចងចាំថា កាលពីខែកក្កដាអាមេរិកបានផ្ញើសារ ដ៏ខ្លាំងមួយទៅកាន់ នាយករដ្ឋមន្រ្ដីក្រោយពីសភា សហរដ្ឋអាមេរិកបានអនុម័តច្បាប់ HR526 ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាជាឯកច្ឆន្ទ ដោយលោកថា នាយករដ្ឋមន្ត្រីកម្ពុជា កាន់អំណាចអស់ច្រើនទសវត្សមកហើយតែគ្មានចេតនាក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើយ។

 

«នៅខែកក្កដាឆ្នាំ២០១៩ ច្បាប់នេះ(ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា)ត្រូវបានសភាអនុម័តជាឯកច្ឆន្ទដែលជាការផ្ញើសារដ៏ខ្លាំងមួយទៅកាន់លោកហ៊ុនសែនមេដឹកនាំផ្ដាច់ការដែលកាន់អំណាចច្រើនទសវត្សហើយ  គ្មានចេតនាស្ដារលទ្ធិប្រជា ធិបតេយ្យក្នុងប្រទេស។ ជាក់ស្ដែង គាត់បានបង្កើតប្បញ្ញត្តិច្បាប់ភាពជាអ្នកដឹកនាំ គេរបស់ខ្លួនគាត់ទៅឱ្យក្រុមគ្រួសារសម្រាប់មួយសម័យទៀត។»

 

ទោះបីជាលោកបានឈររៀបរាប់ពីការរឹតត្បិតសេរីភាពនយោបាយនៅប្រទេសកម្ពុជាក្ដី តែលោកគាំទ្រចំពោះមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីនិងជំហរប្រឆាំងនឹងសេណារីយ៉ូទាំងបីគឺជាការគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកើតឡើងដោយសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្របពេលដែលលោកបញ្ជាក់ថា អនាគតកម្ពុជាគឺ អាស្រ័យលើការឆ្លើយតបរបស់សម្ដេចហ៊ុនសែន ក្នុងស្ថានភាពដ៏ផុយស្រួយ ដោយជ្រើសរើសសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីសនេះជាឧបករណ៍នៃការចរចាជាមួយលោកសមរង្ស៊ី។

 

«អនាគតកម្ពុជាគឺអាស្រ័យលើកការឆ្លើយតបរបស់លោកហ៊ុនសែនក្នុងស្ថានភាពដ៏ផុយស្រួយខ្ញុំនិងអ្នកដទៃច្រើនទៀតសង្ឃឹមថាលោកហ៊ុនសែននឹងជ្រើសរើសការបញ្ចៀសជម្លោះដោយជំនួសការប្រើប្រាស់ឱ្យត្រូវនូវតម្លៃសន្ធិសញ្ញាមួយនេះតទល់នឹងគណបក្សប្រឆាំងក្នុងឥរិយាបថសន្ដិវិធី។»

 

សម្រាប់ទី២៣តុលា ជាទិវារំលឹកកិច្ចព្រមព្រៀងសន្តិភាពនេះ សម្ដេចហ៊ុនសែនបានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃ២២តុលានេះថា ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា១៩៩១ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ គឺមិនចាំបាច់ត្រូវគោរពទៀតទេ។

 

បែបនេះក្ដីខ្មែរជាយ មិនអាចទទួលបានការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋា ភិបាល និងអ្នកនាំពាក្យប្រជាជនកម្ពុជាបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

 

តែយ៉ាងណាអ្នកវិភាគបញ្ហាសង្គមនិងនយោបាយជើងចាស់ម្នាក់គឺលោកឯម សុវណ្ណារ៉ាបានទទួលស្គាល់ថាសេណារីយ៉ូបីក្នុងចំណោមពីរគឺការឃាត់ខ្លួនដោយប្រទេសដទៃ និង​ការចាប់ខ្លួនភ្លាមៗដោយអាជ្ញាធរកម្ពុជាគឺរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តហើយ។ ប៉ុន្ដែលោកថាសេណារីយ៉ូមួយទៀតគួររដ្ឋាភិបាលអនុវត្តដូចការលើកឡើងរបស់សមាជិកសភាអាមេរិកគឺការចរចាបញ្ចប់ជម្លោះជាមួយលោកសមរង្ស៊ី។ លោកឯម សុវណ្ណារ៉ាទៀតថា សេណារីយ៉ូនេះអ្នកនយោបាយខ្មែរគួរ​តែ​ចាប់​​ផ្ដើមគិតឡើងវិញអំពីការសន្ទនានយោបាយជាមួយគ្នា។

 

លោកសម រង្ស៊ីបាននិរទេសខ្លួន៥ឆ្នាំពីកម្ពុជា ហើយលោកតែងនិយាយថាកាលៈទេសៈ មកដល់ទើបលោកត្រឡប់មកកម្ពុជាវិញ  ទោះជានាយករដ្ឋមន្រ្ដីកម្ពុជាតែងថា បើលោកសម រង្ស៊ីមកនឹងចាប់ខ្លួន មិនខាន។ តែលោកសមរង្ស៊ីចំអកវិញថា បើលោកចូលអោយគេចាប់ដដែលគឺខុសហើយ។ មាតុភូមិនិវត្តន៍លោកសម រង្ស៊ី លោកសម រង្ស៊ីថា លោកមកដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយរបស់កម្ពុជា​និង ទប់ស្កាត់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA​ដែល​សហភាព​អឺរ៉ុបនឹង ដកទៅវិញនៅដើមឆ្នាំ២០២០។

 

នៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់មនុស្សជិត៦០នាក់ដែលជាអតីតសកម្មជន និង សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនក្រោយ ពីប្រកាសគាំទ្រដំណើរមាតុភូមិនិវត្តរបស់លោកសម រង្ស៊ី។ មកដល់ថ្ងៃទី២២តុលានេះ ថ្នាក់ដឹកនាំកំពូលមួយចំនួនរបស់អតីតគណបក្សនេះបានមកសំចត​នៅទីក្រុងបាងកក ក្នុងនោះមានលោកអេង ឆៃអ៊ាង លោកស្រីមួរ សុខហួរ និង សមាជិកអចិន្រ្ដៃយ៍​គណបក្សមួយចំនួនទៀត។ ពួកគេអះអាងថាខ្លួននឹងដឹកនាំពលករខ្មែរនៅថៃ រាប់ម៉ឺននាក់ដើរឆ្លងកាត់ព្រំដែនត្រឡប់ចូលទឹកដីកម្ពុជាវិញគឺជាការអមដំណើរលោកសម រង្ស៊ី។ អ្នកសង្កេតការណ៍ខ្លះព្រមានថា ស្ថានភាពនៅថ្ងៃទី៩ វិច្ឆិកា គឺនយោបាយកម្ពុជា ផុយស្រួយណាស់។ តែបែបនេះក្ដី ក៏មានក្ដីរំពឹងថា​ដំណោះ​​​ស្រាយនយោបាយក៏ អាចកើតមានដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2963 នាក់
ខែនេះ :
16193 នាក់
3 ខែនេះ :
54814 នាក់
សរុប :
2469093 នាក់