ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថវិកាជាតិ ឆ្នាំ​២០២០ ជិត ៨២០០ លាន​ដុល្លារ កើនឡើង ២២,៧% ធៀប​នឹង​ឆ្នាំ​២០១៩
Sun,27 October 2019 (Time 05:17 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 910នាក់)


ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ចំនួន ៣៣ ៣៣៩ ៦៣៣ លាន​រៀល ស្មើ​ប្រមាណ ៨១៩៦ លាន​ដុល្លារ​អាមេរិក ត្រូវជា ២៨,០១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ​.​ស​.​ស គឺមាន​កំណើន ២២,៧% ធៀប​នឹង​ច្បាប់ ថវិកាជាតិ ឆ្នាំ​២០១៩​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រជុំ ពិនិត្យ និង​អនុម័ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។

 

​ខ្លឹមសារ​សង្ខេប​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ដែល​គណៈរដ្ឋមន្ត្រី បាន​ប្រជុំ ពិនិត្យ និង​អនុម័ត​នេះ ត្រូវបាន​គ្រោង សម្រាប់​ការដំឡើង​បៀវត្ស​មូលដ្ឋាន ក្នុង​អត្រា ៧,០% តាម​តម្លៃ​ឯក​តាស​ន្ទ​ស្សន៍ ២៥០០ រៀល ដោយ​អនុវត្តន៍​ចាប់ពី​ខែមករា ឆ្នាំ​២០២០ ព្រមទាំង​ការដំឡើង​ប្រាក់​បំណាច់​មុខងារ នឹងត្រូវ​អនុវត្ត ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ដោយ​ផ្តល់​បន្ថែម ៣០០០០ រៀល ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​ប្រាក់​បំណាច់​មុខងារ​ក្នុង​កម្រិត​ក្រោម ៩៦០០០០​រៀល និង​ចាប់ពី​កម្រិត ៩៦០១០០​រៀល ដល់ ១១១០០០០ រៀល នឹង​ផ្តល់​បន្ថែមចំនួន ២០០០០​រៀល​។ ក្នុងនោះ ក៏មាន​ការដំឡើង​ប្រាក់ឧបត្ថម្ភ ប្រចាំខែ​សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា ពី ៦៥០០០០​រៀល ទៅដល់ ៦៧០០០០​រៀល ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២០​។​

​ ​

​នៅ​ឆ្នាំ​២០២០ បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងមាន​ស្ថានភាព​ផ្លាស់ប្តូរ ដូចខាងក្រោម​៖

-​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល នឹងត្រូវ​បាន​ដំឡើង ចំនួន ១១០០១០០ រៀល នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១១៤២៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១១៧២ ៥០០ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។​

​ ​

-​បៀវត្ស​គ្រូបង្រៀន និង​គ្រូពេទ្យ នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១២០០១០០ រៀល នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១២៤២៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១២៧២៥០០ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។​

​ ​

-​បៀវត្ស​នគរបាល ( ពលបាលត្រី ) នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១១៨៤៥៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១២៦ ៩៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១២៥៦៩៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។​

​ ​

-​បៀវត្ស​យោធិន ( ពលទោ ) នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១០៥៥៩០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១០៩៣៥០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវ​ដំឡើង​ដល់ ១១២៣៥០០ រៀល ចាប់ពី​ខែមករា ឆ្នាំ​២០២០ បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១១៨១៩៧៧ រៀល​។​

​ ​

​ទន្ទឹមនេះ សម្រាប់​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល នឹងធ្វើ​ការកែសម្រួល​នូវ​កម្រិត​អប្បបរមា នៃ​ប្រាក់បៀវត្ស ត្រូវ​ជាប់ពន្ធ ក្នុង​គោលបំណង​ផ្តល់​ការលើកទឹកចិត្ត និង​លើកកម្ពស់​កម្រិតជីវភាព​របស់​មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ យោធិន ក៏ដូចជា កម្មករ និយោជិត ដែល​ទទួលបាន​ប្រាក់បៀវត្ស ចាប់ពី ១៣០០០០០ រៀល ចុះ ឲ្យ​រួច​ផុតពី​កាតព្វកិច្ច​បង់​ពន្ធលើប្រាក់បៀវត្ស​។​

 

​ក្រៅពី​បាន​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល ក៏បាន​គ្រោង​ថវិកា​ចំនួន ៤០​ប៊ី​លាន​រៀល ដោយឡែក​ផ្សេងទៀត សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​-​ស្ថាប័ន អាច​ជ្រើសរើស​មន្ត្រី​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់ ចូល​បម្រើ​ការងារ​រដ្ឋ ដែល​ក្របខណ្ឌ និង​គោលការណ៍ នឹងត្រូវ​បានរៀបចំ​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ឆ្នាំ​២០២០​។​

 

​លើសពីនេះ​ទៀត ថវិកា​ចំនួន ៥០​ប៊ី​លាន​រៀល ត្រូវ​បានគ្រោង​សម្រាប់​មូលនិធិ​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​និវត្តជន​។

 

​រាជរដ្ឋាភិបាល ក៏បាន​បន្ត​គ្រោង​ថវិកា​ចំនួន ៦ ប៊ី​លាន​រៀល ដើម្បី​ទ្រទ្រង់​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ នៅក្នុង​កញ្ចប់​ថវិការ​បស់​ក្រសួងសុខាភិបាល​។​

 

​ចំពោះ​ប្រាក់​សោធន​និវត្តន៍ ក៏ត្រូវ​បានគ្រោង​ថវិកា ចំនួន ៦០ ប៊ី​លាន​រៀល សម្រាប់​ការដំឡើង​របប​សោធន​ប្រចាំខែ​ទាប​បំផុត ជូន​ដល់​និវត្តជន ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

 

​ជារួម ថវិកាជាតិ​ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល បង្កើន​ការចំណាយ​អាទិភាព​ចាំបាច់ តាម​វិស័យ​ទាំង ៤ រួមមាន​៖ វិស័យ​រដ្ឋបាល​ទូទៅ វិស័យ​ការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ វិស័យ​សង្គមកិច្ច និង​វិស័យសេដ្ឋកិច្ច​។​

 

​ក្នុងនោះ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២០ មាន​ចំនួន ៣ ៧៣៨ ១៣០ លាន​រៀល ស្មើ​ប្រមាណ ៩១៩ លាន​ដុល្លារ​។ បន្ទាប់មក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំនួន ៣ ២១៨ ២៣២ លាន​រៀល ស្មើ​ប្រមាណ ៧៩១ លាន​ដុល្លារ​។ ក្រសួងការពារជាតិ គ្រោង​ចំណាយ ២ ៥៣៦ ៧២៨ លាន​រៀល ស្មើ​ប្រមាណ ៦២៣ លាន​ដុល្លារ​។ ក្រសួងសុខាភិបាល ២ ១០២ ៨៩៩ លាន​រៀល ស្មើ​ប្រមាណ ៥១៧ លាន​ដុល្លារ និង​ក្រសួងមហាផ្ទៃ ២ ០៨៣ ១០៧ លាន​រៀល ស្មើ​ប្រមាណ ៥១២ លាន​ដុល្លារ​។​

 

​ជាមួយគ្នា​នោះ ថវិកាជាតិ ឆ្នាំ​២០២០ ក៏បាន​បង្កើន​ការចំណាយ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ ឧបត្ថម្ភ​រាជធានី​ខេត្ត ចំនួន ៤៧០២៤​លាន​រៀល ឧបត្ថម្ភ​មូលនិធិ​ក្រុង​ស្រុក ចំនួន ២៣៥ ១១៧ លាន​រៀល មាន​កំណើន ២២,៤% ធៀប​នឹង​ច្បាប់ ឆ្នាំ​២០១៩ និង​ឧបត្ថម្ភ​មូលនិធិ​ឃុំ​សង្កាត់ ចំនួន ៦០៧ ៣៨៦ លាន​រៀល មាន​កំណើន ១៦% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ និង​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ចំនួន ១៩៥ ៩៣១ លាន​រៀល ដែលជា​ការផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិការដ្ឋ ចំនួន ១% ក្នុង ១​ឆ្នាំ នៃ​ចំណូល​ចរន្ត​ថ្នាក់ជាតិ ជូន​រដ្ឋបាល​ឃុំ​សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍ​មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣​។

 

ក្នុងនោះ ការឧបត្ថម្ភ​ធន​បន្ថែម​នេះ នឹងធ្វើ​ឲ្យ​ទំហំ​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ នឹង​កើនឡើង​ទ្វេដង នៅ​ឆ្នាំ​២០២០ ពី​ប្រមាណ ៣៥០០០ ដុល្លារ​អាមេរិក ជា​មធ្យម​ក្នុង ១​ឆ្នាំ ទៅ​ប្រមាណ​ជាង ៧០០០០ ដុល្លារ​អាមេរិក ជា​មធ្យម ក្នុង ១​ឆ្នាំ​។​

​គួរ​កត់សម្គាល់ថា ចំណាយ​ថវិកា​ថ្នាក់ក្រោម​ជាតិ ( ថវិកា​រដ្ឋបាល​រាជធានី​ខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ​សង្កាត់ ) ត្រូវបាន​បង្កើន​ជាង ៤​ដង គឺ​ពី​ប្រមាណ​តែ​ចំនួន ៧៦៦ ប៊ី​លាន​រៀល នៅ​ឆ្នាំ​២០១៣ ឬ​សមមូល​ស្មើនឹង ១៩០ លាន​ដុល្លារ​អាមេរិក ដែលមាន​សមាមាត្រ​ស្មើនឹង ៦,១% នៃ​ចំណាយ​ថវិការដ្ឋ​សរុប ហើយ​ត្រូវជា ១,២៥% នៃ​ផសស ទៅដល់​ប្រមាណ ចំនួន ៣៣២៩ ប៊ី​លាន​រៀល នៅ​ឆ្នាំ​២០២០ ឬ​សមមូល​ស្មើនឹង ៨២១ លាន​ដុល្លារ​អាមេរិក ដែលមាន​សមាមាត្រ​ស្មើនឹង ១០% នៃ​ចំណាយ​ថវិការដ្ឋ​សរុប ហើយ​ត្រូវជា ២,៨០% នៃ​ផសស​។​

​ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២០ ក្នុង​កម្រិត ១៤០០ លាន SDR ស្មើ​ប្រមាណ ១៩២៧ លាន​ដុល្លារ​។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ការខ្ចី​នេះ នឹងមិន​បង្កើតជា​បន្ទុក​បំណុល​វ័ណ្ឌករ​ដល់​កម្ពុជា​ទេ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2851 នាក់
ខែនេះ :
16081 នាក់
3 ខែនេះ :
54702 នាក់
សរុប :
2468981 នាក់