លោក កែវ វណ្ណថន៖ ការដែលពលករខ្មែរសម្រុកមកកម្ពុជាវិញ មិនពាក់ព័ន្ធនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី
លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្ត បានបញ្ជាក់ប្រាប់ខ្មែរជាយដែននៅថ្ងៃអង្គារនេះថា ចំនួនពលករខ្មែរនៅប្រទេសថៃ ដែលវិលចូលប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៅថ្ងៃទី២៧ខែតុលាគឺមានជាង៧០០នាក់ហើយនៅថ្ងៃទី២៨ក៏ដូចគ្នាដែរ។ ប៉ុន្តែលោកបញ្ជាក់ថាជាធម្មតា ក្នុងមួយថ្ងៃៗគឺមានពលករខ្មែរចេញចូលតាមច្រកទ្វារអន្តរជាតិដូងតែចន្លោះពី២០០នាក់ទៅ៣០០នាក់ប៉ុណ្ណោះ។
ការគូសបញ្ជាក់របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្តនេះ គឺបន្ទាប់ពីមានព័ត៌មានមួយចំនួនផ្សាយថា ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨ខែតុលានេះ មានពលករខ្មែរពីជាង៣០០០នាក់ទៅ៤០០០នាក់ នាំគ្នាសម្រុកចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង ខណៈជាធម្មតាក្នុងមួយថ្ងៃ ពលករខ្មែរចេញចូលតែត្រឹមតែ១០០នាក់ឬតិចជាងនេះ។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេស្តរបស់កម្ពុជា អះអាងថា ការវិលចូលស្រុកវិញរបស់ពលករខ្មែរដែលច្រើនជាងថ្ងៃធម្មតានេះ គឺដើម្បីចូលរួមបុណ្យកឋិននៅប្រទេសកម្ពុជា គឺមិនពាក់ព័ន្ធនឹង លោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលករខ្មែរមកអមដំណើរលោកវិលចូលកម្ពុជានៅថ្ងៃ៩វិច្ឆិកានោះឡើយ។ ម្យ៉ាងទៀតលោក កែវ វណ្ណថន អះអាងថាពលករខ្មែរទាំងនោះត្រូវតែវិលមកប្រទេសកម្ពុជាវិញជាធម្មតាតាមកាលកំណត់នៅក្នុងលិខិតឆ្លងដែនគឺមានសិទ្ធិស្នាក់នៅប្រទេសថៃតែរយៈពេលមួយខែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្របពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃនោះ ក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកម្ល៉េះ។
គិតត្រឹមថ្ងៃទី ២៦ តុលា យ៉ាងហោចណាស់ សកម្មជនអតីតគណបក្សប្រឆាំង ចំនួន៥៨នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងជិត២០០នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយកំពុងរត់ភៀសខ្លួន៕