ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សហភាព​អឺរ៉ុប​ចេញ​របាយការណ៍​វាយ​តម្លៃ EBA លើក​ទី​២ ខណៈ​ដែល​នយោបាយ​កម្ពុជា​កាន់​តែ​តានតឹង
Mi,13 November 2019 (Time 10:11 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 952នាក់)


ភ្នំពេញ៖ សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍ជា​លើកទី​២ ដោយ​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈ​ពេល​មួយ​ខែ​ដើម្បីឆ្លើយ​តប​បញ្ហា​សិទ្ធិ​មនុស្ស មុន​នឹង​សម្រេច​ថា​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ពី​កម្ពុជា​ឬ​យ៉ាង​ណា។

​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេ​ហទំព័រ​របស់​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​បាន​ផ្ញើ​របាយកាណ៍​ជា​លើក​ទី​ពីរ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ ដើម្បី​ឲ្យ​ឆ្លើយ​តប​មក​វិញ មុន​នឹង​សហគមន៍​អឺរ៉ុប​សម្រេច​ថា​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។

 

អ្នកស្រី​ ​Cecilia​ Malmström​ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បង្ហោះ​សារ​លើ​ទំព័រ​ធ្វីតធឺរ (Twitter) របស់​អ្នកស្រី​ដោយ​ភ្ជាប់​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​អឺរ៉ុបនៅ​ថ្ងៃ​អង្គារ​នេះ​តាម​ន័យ​ដើម​ថា៖

 

«យើង​បាន​បញ្ចប់​របាយការណ៍​របស់​យើង ​ស្តី​ពី​ការ​ផ្អាកប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជា​បណ្តោះ​អាសន្ន​ចំពោះ​កម្ពុជា។ យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទី​នោះ។ ឥឡូវ​នេះ​រដ្ឋាភិបាលកម្ពុជា​មាន​រយៈ​ពេល​មួយ​ខែ​ដើម្បី​ឆ្លើយ​តប ហើយ​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​យើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ»។

 

សហគមន៍​អឺរ៉ុប​បន្ថែម​ថា សហគមន៍អឺរ៉ុប​នៅ​តែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​លើ​គោល​បំណងការ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ពិត​ប្រាកដ និង​គួរ​ឱ្យ​ទុកចិត្ត ​ដើម្បី​ជៀសវាង​ការ​ដក​ការ​អនុគ្រោះ EBA។

 

ក្នុងសេចក្តី​ថ្លែងការណ៍របស់​សហគមន៍​អឺរ៉ុប​នោះ​មិន​មានបញ្ជាក់​ថា តើ​របាយ​ការណ៍​ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា មាន​ខ្លឹម​សារ​បែប​ណា​ខ្លះ​នោះទេ។

 

អ្នកនាង Mina Andreeva ប្រធាន​ក្រុម​អ្នកនាំ​ពាក្យ​របស់​សហគមន៍​អឺរ៉ុប បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ដែល​សហគមន៍​អឺរ៉ុប​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។​

 

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ប្រាប់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ជជែក​និង​បង្ហាញ​ទៅ​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ដោយ​រំពឹង​ជា​វិជ្ជមាន​ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ដក​ EBA ពី​កម្ពុជា​នោះ​ទេ។

 

«យើង​កំពុង​តែ​ជជែក​គ្នា កំពុង​តែ​បង្ហាញ​ពី​ការ​ពិត មិនមែន​ឋិត​នៅ​ក្នុង​គោល​នយោបាយ​នោះ​ទេ។ ការពិត​យើង​បាន​ធ្វើ​អីខ្លះ ដូច​ជា ឧទាហរណ៍ យើង​ឃើញ​ថា សិទ្ធិ​កម្មករ​ ការ​លើក​ឡើង​ពី​សិទ្ធិ​កម្មករ​ យើង​បាន​យក​របាយការណ៍​ខាងភ្នាក់ងារ​ការងារ​ពិភពលោក​ហ្នឹង ILO ហ្នឹង​ យក​បង្ហាញ។ ការ​បាត់បង់​ ការ​រំលោភ​ដីធ្លី​យើង​បង្ហាញ​ទាំងអស់»។

 

តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា​ មួយ​កម្រិត​ទៀត ដោយ​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​ឃាំង​ក្នុង​លំនៅដ្ឋាន ​ប៉ុន្តែ​ហាម​ឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​និង​ធ្វើ​សកម្មភាព​នយោបាយ។

 

សហភាព​អឺរ៉ុប​បាន​ចាត់​ទុកថា​នេះ​គ្រាន់​តែ​ជា ​«ជំហាន​ទីមួយ​ឆ្ពោះទៅ​គោលដៅ​ត្រឹមត្រូវ‍» ​និងបាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​ទាំងអស់​របស់​អតីត​គណបក្ស​ប្រឆាំង​ក៏​ដូចជា​ការដោះ​លែង​អ្នកទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ។

 

មុន​ពេល​ដែល​សហគមន៍​អឺរ៉ុប​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ​បន្តិច លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​អ្នក​តំណាងរាស្ត្រម៉ាឡេស៊ី នៅ​ថ្ងៃ​អង្គារ​នេះថា ​ការ​ពិចារណា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​នឹង​បន្ថែម​សន្ទុះ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ បើ​ទោះបី​ជា​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក៏​ដោយ។

 

លោក​ សម រង្ស៊ី ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជាមួយ​កម្មករ​រាប់​សែន​នាក់​ដែល​បាត់បង់​ការងារ ពួកគេ​ត្រូវ​តែ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ»។

 

លោក សម​ រង្ស៊ី បន្ថែម​ថា ពេល​វេលា​នេះគឺ​ត្រឹមត្រូវ​សម្រាប់​ការ​តស៊ូ​ដោយ​សន្តិភាព​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយសារ​តែ​ការរួម​បញ្ចូល​គ្នា​នៃ​សម្ពាធ​ក្នុង​ប្រទេស​និង​សម្ពាធ​ពី​ខាង​ក្រៅ។ ហើយ​លោក​ថា ការ​ដែល​រដ្ឋាភិបា​កម្ពុជា​ដោះ​លែង​លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​គឺជា​លទ្ធផល​នៃ​ការ​ដាក់​សម្ពាធ​ទាំង​នេះ។

 

លោក ផៃ ស៊ីផាន ដែល​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​និយាយ​ថា ការ​ថ្លែង​របស់​លោក សម រង្ស៊ី គ្រាន់តែ​ជា​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។

 

ការ​ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ EBA​ ធ្វើ​ឡើងបន្ទាប់​ពី​ក្រុម​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម ​និង​កិច្ចការ​បរទេស​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​ជុំ​ទី​ពីរ​ កាលពី​ខែ​មិថុនា។ បេសកកម្ម​នា​ពេល​នោះ ​គឺ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែកដ៏​សំខាន់​សម្រាប់​កម្ពុជា​អាច​បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA ដែល​ផ្តល់​ចំណេញ​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ព្រមទាំង​ផ្តល់​ការងារដល់​កម្មករ​កម្ពុជា​រាប់​ម៉ឺន​នាក់។​

 

លោក​បណ្ឌិត មាស នី អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា ការ​បង្ហាញ​អំពី​ប្រជាប្រិយភាព​និង​កម្លាំង​របស់​អ្នក​នយោបាយ​គ្រប់​ភាគី មិន​អាច​ដោះ​ស្រាយវិបត្តិ​ដែល​កំពុង​កើត​មាន​នៅកម្ពុជា​នោះទេ។ លោក​បន្ត​ថា ការ​ជជែក​ដើម្បី​រក​ដំណោះ​ស្រាយ​រវាង​អ្នក​នយោបាយ​ដោយ​សន្តិវិធី​ ទើប​ជា​ដំណោះស្រាយ​ពិត​ប្រាកដ។

 

«ការ​វិល​មក​និយាយ​គ្នា ហើយ​ការ​យល់​អំពី​ស្ថានភាព​ពិត​ ថា​ការ​ឈ្លោះ​គ្នា​របស់​យើង​នេះ គឺ​មិន​បាន​នាំ​ចេញ​នូវ​ដំណោះ​ស្រាយ​ណាមួយក្រៅ​ពី​រឿង​ប្រទាញ​ប្រទង់​គ្នា​ ហើយ​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ កម្ពុជា​កំពុង​តែ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចាត់​ទុក ឬ​ការ​សម្លឹង​មើល​ពីខ្សែ​ភ្នែក​នៃ​ភូមិសាស្រ្ត​នយោបាយ​របស់មហា​អំណាច​រួច​ស្រេចទៅ​ហើយ»។

 

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ខូចខាត​យ៉ាង​ដំណំ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និងដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជា​ពិសេស​គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2932 នាក់
ខែនេះ :
16162 នាក់
3 ខែនេះ :
54783 នាក់
សរុប :
2469062 នាក់