ក្រសួងព័ត៌មាន បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មានទាំងមូល
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ចប់សេចក្តីព្រាង ច្បាប់ ស្តីពីសិទ្ឋិទទួលព័ត៌មានទាំងមូលហើយ និងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភា ក្សាបន្ត មុនឈានទៅអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនាពេលខាងមុខ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង បាន សម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មានទាំងមូលហើយ បន្ទាប់ពីបានប្រជុំជជែកពិភាក្សា និងកែសម្រួលពាក្យពេចន៍មួយចំនួន ខណៈខ្លឹមសារចុងក្រោយ នៃសេចក្តីព្រាងច្បាប់នេះ ត្រូវបានរក្សាទុកនៅដដែល ។
ឯកឧត្តមបានបន្តថា ក្រសួងព័ត៌មាន នឹងធ្វើការជជែកពិភាក្សាទៅលើទោសប្បញ្ញាតិ្តនៃសេចក្តីព្រាងច្បាប់នេះបន្ថែមទៀត ជាមួយក្រសួងយុត្តិធម៌ មុននឹងដាក់ទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះធានាបាននូវការលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមអភិវឌ្ឍន៍ប្រទេស ប្រកបដោយតម្លាភាព គណ នេយ្យភាព និង សុគតិភាព។
សំឡេង «បានជាការពិតណាស់ច្បាប់នេះវានិងផ្តល់នៅសិទ្ឋិ និងសេរីភាពដល់សាធារណៈ នៅក្នុងការ ចូលរួមចំណែកលើកកម្ពស់នៅអភិបាលកិច្ចល្អ ការ ចូលរួមអភិវឌ្ឍន៍ប្រទេសយើងប្រកបដោយ តម្លាភាព គណនេយ្យភាពនិង សុគតិភាព យើងនឹងខិតខំពន្លឿនកិច្ចជជែកពិភាក្សា និងកិច្ចការដែលនៅសេសសល់ ដាក់ជូនទៅគណៈរដ្ឋមន្ត្រីអោយកាន់តែឆាប់ ។
សូមបញ្ជាក់ថា ការឯកភាពរួមលើផ្នែកទាំងមូលនេះ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មាននេះ គឺមានការចូលរួមពី៣២ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក និង៣៧មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាអោយសាធារណៈជនគ្រប់រូបនូវសិទ្ធិ សេរីភាព ក្នុងការទទួលព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕