យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
ភ្នំពេញ៖ នៅទីបំផុតទៅ យុវជន គង់ រ៉ៃយ៉ា ដែលគេដឹងថា ជាយុវជន កែម ឡីនិយមម្នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ កាលពីព្រឹកថ្ងៃទី ២៩ វិច្ឆិកា នេះ។ យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែង បន្ទាប់ពីយុវជន សួង នាគព័ន្ធ នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួលនារយៈពេលចុងក្រោយនេះ។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក៏ប៉ុន្តែត្រូវចូលខ្លួនមកកាន់តុលាការវិញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ដើម្បីទទួលការកាត់ទោសលើអង្គសេចក្តី។ នេះបើយោងតាមសេចក្តីសម្រេចរបស់ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកានេះ។ ការដោះលែងនេះ គឺបន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការអស់រយៈពេលប្រមាណជាមួយម៉ោង ដោយមានការសួរដេញដោលគ្នារវាងចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា និងលោក សំ សុខគង់ មេធាវីការពារក្តីឲ្យលោក គង់ រ៉ៃយ៉ា។
គួរជំរាបជូនថា យុវជន គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៩ កក្កដា ឆ្នាំ ២០១៩ ក្រោមការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ជាមួយនឹងយុវជន សួង នាគព័ន្ធ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ នៅក្នុងព្រឹត្តិការណ៍រំលឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញនៅកម្ពុជា។ ប៉ុន្តែយុវជន សួង នាគព័ន្ធ ត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ កាលពីថ្ងៃទី ១៥ វិច្ឆិកា ហើយនៅថ្ងៃនេះ តុលាការក្រុងភ្នំពេញបានដោះលែងយុវជន គង់ រ៉ៃយ៉ា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ បន្ទាប់ពីមេធាវីការពារក្តី បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងជាថ្មី នៅថ្ងៃទី ១៥ វិច្ឆិកា។
អ្វីជាការកត់សំគាល់ ការដោះលែងយុវជន កែម ឡីនិយម ទាំងពីរខាងលើនេះ គឺធ្វើឡើងនៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួលនារយៈពេលចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៤ វិច្ឆិកា បានថ្លែងពីខេត្តកំពតដោយឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យលទ្ធភាពជាមួយព្រះរាជអាជ្ញា ឲ្យមានការដោះលែងសកម្មជនអតីតគណបក្សប្រឆាំងរាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅក្នុងសំណុំរឿង «រួមគំនិតក្បត់» ក្រោមផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី ០៩ វិច្ឆិកា។ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផែនការនោះថា បានបរាជ័យទៅហើយ។
សូមបញ្ជាក់ដែរថា នេះគឺជាលើកទី២ហើយ ដែលយុវជន គង់ រ៉ៃយ៉ា បានទទួលការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ យុវជនដែលមាននិន្នាការគាំទ្រអតីតគណបក្សប្រឆាំងរូបនេះ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយរងការចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីយុវជនរូបនេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ តាមបណ្ដាញសង្គម Facebook កាលពីឆ្នាំ២០១៥៕