ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព្រះមហាក្សត្រ៖ ការរួបរួមគ្នា ទើបអាចជួយស្រោចស្រង់កម្ពុជា តែអ្នកនាំពាក្យថា ជាពេលអនុវត្តន៍ច្បាប់
Do,07 November 2019 (Time 09:21 )
ដោយ ៖ សោភា (ចំនួនអ្នកអាន: 1093នាក់)


ភ្នំពេញ៖ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា មានតែការរួបរួមគ្នាជាធ្លុងមួយតែប៉ុណ្ណោះ ទើបអាចស្រោចស្រង់ប្រទេសកម្ពុជា និងឯករាជ្យបាន ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថា នេះជាសារដ៏មានតម្លៃ តែការរួបរួម ចិត្តសណ្ដោស រួមទាំងវប្បធម៌សន្ទនាជាដើម ត្រូវបានលោក សម រង្ស៊ី បំផ្លាញអស់ហើយ ដែលពេលនេះជាពេលអនុវត្តន៍ច្បាប់ ។ កន្លងទៅ បក្សកាន់អំណាច និងអតីតបក្សប្រឆាំងថា គ្មានការចរចាគ្នានោះទេ ។ អ្នកវិភាគ អ្នកតាមដានការវិវត្តសង្គម និងបក្សនយោបាយមួយចំនួនថា កម្ពុជាដល់ពេលចរចាគ្នាហើយដើម្បីផលប្រយោជន៍ជាតិ ។  

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានចេញព្រះរាជសារបែបនេះ តាមរយៈទំព័រហ្វេសបុករបស់ព្រះអង្គ Royal Du Cambodge  កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ការបង្ហាញនូវក្ដីជឿជាក់បែបនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានស្ថានភាពនយោបាយកំពុងតែអាក្រក់ទៅៗ។ ប៉ុន្តែសាររបស់ព្រះអង្គ ធ្វើឡើងចំពេល កម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ។

ព្រះរាជសាររបស់ព្រះមហាក្សត្របានអបអរទិវាបុណ្យឯករាជ្យជាតិ ដោយមានសេចក្ដីដើមដូចនេះថា «ជនរួមជាតិជាទីស្នេហា​! ក្នុងជីវភាពប្រទេសជាតិនីមួយៗ​ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ​​​ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ​ និងសុភមង្គលទាំងទ្បាយដ៏ទៃទៀត។អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង​ គួរឲ្យ​វេទនារបស់កងទ័ពយើងនោះទេ ។ ​អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង »។​

 

ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លង​សមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។​»

 

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។

 

ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ» ។

 

ដោយឡែក គណបក្សបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញផ្សាយលើគេហទំព័រនៅថ្ងៃទី ៧ វិច្ឆិកាថា អ្នកដឹកនាំនយោបាយ ល្មមដល់ពេលបញ្ចប់នយោបាយគុំកួនហើយ ។

 

គណបក្សនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ក្រោមការដឹកនាំរបស់ខ្លួនប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប៉ុន្តែការចល័តទ័ព និងការនាំឱ្យប្រទេសជាតិទាំងមូលផ្តោតលើព្រឹត្តិការណ៍ទាក់ទងផែនការវិលត្រឡប់មកវិញ នៃក្រុមមេដឹកនាំនយោបាយមួយចំនួន នាំមកនូវបរិយាកាសភ័យខ្លាច ដែលប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការវិនិយោគផ្សេងៗ ។

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យអ្នកដឹកនាំនយោបាយទាំងពីរក្រុម ប្រើប្រាស់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាទិវាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដែលជាឧត្តមគតិដ៏សំខាន់របស់ព្រះរាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ នរោត្តម សីហនុ ។

ល្មមដល់ពេល អ្នកដឹកនាំនយោបាយកំពូលៗ បញ្ចប់នូវនយោបាយដែលនាំមកនូវគំនុំគុំគួន និងបង្កឱ្យមានការឈឺចាប់ទៅវិញទៅមក និងដែលធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ និងបង្កហានិភ័យដល់ជាតិទៀតទៅ ។

 

គណបក្សនេះថា គួរងាកមកអនុវត្តវប្បធម៌នយោបាយថ្មី ហើយឯកភាពគ្នាក្នុងការកសាងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ។

 

លោក ហង្ស វិទូ អ្នកវិភាគនយោបាយ ថ្លែងថា អ្នកនយោបាយ គួរចរចាដើម្បីលទ្ធផលឱ្យឈ្នះទាំងអស់គ្នា មិនមែនឈ្នះចាញ់ឡើយ ដែលលោកថានេះជាអ្វីដែលពលរដ្ឋចង់បាន ។

 

ការឱ្យដឹងបែបនេះ ស្របពេលដែលកម្ពុជាត្រូវបានគេមើលឃើញថា កំពុងតែមានស្ថានភាពនយោបាយកាន់តែងតឹងតែងខ្លាំង ។

 

ទាំងអតីតគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច សុទ្ធតែធ្លាប់អះអាងថា មិនចរចាជាមួយគ្នាជាដាច់ខាត ។

 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ព្រះរាជសាររបស់ព្រះក្សត្រ គឺជាសារដ៏មានអត្តន័យសម្រាប់ប្រជាជាតិជាខ្លាំង ។ ប៉ុន្តែលោកថា ការរួបរួមគ្នា ត្រូវបានក្រុមលោក សម រង្ស៊ី ជាអ្នកបំផ្លាញ ខណៈលោកថាសម្ដេច ហ៊ុន សែន បានខិតខំប្រឹងប្រែងកសាងវប្បធម៌សន្ទនា និងការយោគយល់ និងអធ្យាស្រ័យគ្នាយ៉ាងខ្លាំងកន្លងទៅ ។

ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃឯករាជ្យជាតិ ខួបលើកទី ៦៦ ត្រូវបានអ្នកនយោបាយដឹកនាំកម្ពុជាកំណត់ធ្វើជាថ្ងៃដែលអំពាវនាវឱ្យពលរដ្ឋទទួលទានអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ដោយឡែក អ្នកនយោបាយអតីតគណបក្សប្រឆាំងវិញ បានកំណត់ថាជាថ្ងៃធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំជាវិជ្ជមាន ។

 

ហេតុការណ៍នៃការចាប់ចងទាំងធ្វើឡើងទៅលើសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស នឹងប្រកាសសុំឱ្យបរទេសជួយចាប់ខ្មែរគ្នាឯងនោះ បានបន្តកើតឡើងជាបន្តបន្ទាប់ ។

 

មកដល់ពេលនេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៧៩នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងចំនួន ១៩៩នាក់ផ្សេងទៀត បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទរួមគំនិតក្បត់ ។

 

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៧ វិច្ឆិកានេះថា អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ានយោបាយ ចាញ់ ចាញ់ ។

 

លោកសរសេរថា បើលោក សម រង្សី និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មកមិនដល់កម្ពុជាទេ នោះនៅថ្ងៃទី ៩ វិច្ឆិកា និងក្នុងពិធីបុណ្យអុំទូក នឹងគ្មានអ្វីកើតឡើងធំដុំនោះទេ ។

 

យ៉ាងណាលោកថា ព្រឹត្តិការណ៍នេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់កម្ពុជាដូចជា ការវិនិយោគនឹងមានការថមថយ​ ចំណាយលុយច្រើន ដើម្បីត្រៀមទ័ពទប់ស្កាត់បាតុភាពជាយថាហេតុ ឈានទៅរកការបាត់បង់ EBA និង GSP កម្លាំងអ្នកប្រជាធិបតេយ្យកាន់តែប្រឈមនឹងគ្រោះថ្នាក់ ចិនកាន់តែឆ្លៀតឱកាសកេងចំនេញទាំងនយោបាយ និងសេដ្ឋកិច្ច វៀតណាមបានព្រំសីមាដែលខ្លួនប្រាថ្នាចង់បាន ហើយជនអន្តោប្រវេសវៀតណាមខុសច្បាប់ជាច្រើនឆ្លៀតពេលចូលសញ្ជាតិជាដើម ។

 

លោកព្រាប កុលបន្តថា ការណ៍នេះធ្វើឱ្យពិភពលោកខ្លះសង្វេកខ្មែរ និងខ្លះទៀតសើចចំអក ។

 

លោកថាដំណោះស្រាយ មានតែដោះលែងលោក កឹម សុខា និងផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងអស់ឡើងវិញ និងជជែកគ្នា ឬចរចារ រវាងអ្នកនយោបាយដែលមានទំនាស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងជាពិសេសការបើកឱ្យមានការប្រគួតប្រជែងនយោបាយដោយស្មើភាព ដោយសេរី និងយុត្តិធម៌ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3010 នាក់
ខែនេះ :
16240 នាក់
3 ខែនេះ :
54861 នាក់
សរុប :
2469140 នាក់