សាលាឧទ្ធរណ៍នឹងបើកការសួរដេញដោលគ្នា លើបណ្តឹងប្រឆាំងនឹងដីកាបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះ
ភ្នំពេញ៖ តុលាការសាលាឧទ្ធរណ៍នឹងធ្វើការពិភាក្សាដេញដោលគ្នានៅថ្ងៃទី ០៩ ធ្នូ នេះ លើបណ្តឹងប្រឆាំងនឹងការបញ្ជូនសំណុំរឿងរបស់លោក កឹម សុខា ទៅជំនុំជម្រះ។ ការសួរដេញដោលគ្នានេះ នឹងធ្វើឡើងដោយក្រុមប្រឹក្សាជំនុំជម្រះ៣រូបនៃសភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ ជាមួយនឹងក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ចំនួន៤រូប។
បើគ្មានការប្រែប្រួលទេ តុលាការសាលាឧទ្ធរណ៍នៅរសៀលថ្ងៃច័ន្ទ ទី ០៩ ធ្នូ នេះ នឹងធ្វើការពិភាក្សាដេញដោលគ្នារវាងក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការសាលាឧទ្ធរណ៍ជាមួយក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា។ ការសួរដេញដោលគ្នានេះ គឺទាក់ទងនឹងបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ប្រឆាំងនឹងដីកាបញ្ជូនរឿងរបស់លោក កឹម សុខា ទៅជំនុំជម្រះ។ នេះបើយោងតាមលិខិតរបស់តុលាការសាលាឧទ្ធរណ៍ដែលអញ្ជើញមេធាវីការពារក្តីលោក កឹម សុខា កាលពីថ្ងៃទី ០៥ ធ្នូ ពោលគឺនៅពីរថ្ងៃប៉ុណ្ណោះ ក្រោមពីក្រុមមេធាវីការពារក្តីបានដាក់ពាក្យប្តឹងឧទ្ធរណ៍នេះ កាលពីថ្ងៃទី ០៣ ធ្នូ។
គួររំលឹកជូនថា តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ០២ ធ្នូ បានចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ជូនសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទៅជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះ ចុះថ្ងៃទី ០២ ធ្នូ។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ០៣ ធ្នូ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបញ្ជូនលោក កឹម សុខា ទៅជំនុំជម្រះ ដោយអះអាងថា កូនក្តីរបស់ខ្លួន គឺលោក កឹម សុខា កើតទុក្ខមិនសុខចិត្តឡើយ ចំពោះដីកាបញ្ជូនរឿងឲ្យទៅជំនុំជម្រះនេះ។
លោក ចាន់ ចេន មេធាវីការពារក្តីម្នាក់ក្នុងចំណោម៤នាក់បានអះអាងថា លោកព្រមទាំងសហមេធាវីការពារក្តី លោក កឹម សុខា បានតាំងចិត្តនិងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការសួរដេញដោលគ្នានៅថ្ងៃទី០៩ ធ្នូ ដើម្បីការពារសិទ្ធិឲ្យកឹម សុខា នៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍។ លោកមេធាវីបានបន្តថា ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាគឺជាការសម្តែងឆន្ទៈរបស់កូនក្តីនិងសហមេធាវីការពារសិទ្ធិលោក កឹម សុខា ក្នុងការតស៊ូលើសមរភូមិច្បាប់នេះ។ ទោះជាយ៉ាងនេះក្តី លោកមេធាវីបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរ ងាកមកស្វែងរកដំណោះស្រាយវិញ ដោយចាប់ផ្តើមរួមគ្នាដោះស្រាយនូវបញ្ហាណា ដែលបះពាល់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរជាអាទិភាព ដើម្បីមានឱកាសឈានទៅកសាងអនាគតយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។
គួរជំរាបជូនថា លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេសឬ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕