ជ្រូកនាំចូលពីប្រទេសវៀតណាមកកាន់កម្ពុជាតាមច្រករបៀង កំណព្វកែវ ស្រុកគីរីវង់ គ្មានមន្ត្រីជំនាញណាត្រួតពិនិត្យ នៅប៉ុសិ៍្ដត្រួតពិនិត្យឆ្លងដែន .......!
(ខេត្តតាកែវ) ៖ ក្រោយពីមានការប្រកាសជាសាធារណះ ក៏ដូចជាការជូនជាសារលិខិតទៅមន្ទីរកសិកម្មគ្រប់ខេត្ត និងក្រុង ពីមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការទប់ស្កាត់ និងត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើសាច់ជ្រូក និងសាច់ក្រក ដែលនាំចូលពីប្រទេសវៀតណាមនោះ ។ យើងសង្កេតឃើញថា នៅក្នុងខេត្តតាកែវ នៅថ្ងៃទី ២៣ ខែកុម្ភៈ ២០១៩នេះ ជ្រូកដែលនាំចូលពីប្រទេសវៀតណាមតាមច្រកកំណព្វកែវ ហៅច្រកយិនយ៉ា ស្រុកគីរីវង់ ខេត្តតាកែវ នៅតែបន្តនាំជ្រូកចូលយ៉ាងកំហក ដោយគ្មានការត្រួតពិនិត្យអ្វីសោះ សូម្បីតែដល់តំបន់ត្រួតពិនិត្យឆ្លងដែនក៏រថយន្តដឹកជ្រូកនោះ មិនបានបង្អង់ឬឈប់សិនឡើយ ពោលគឺបើកបរទៅយ៉ាងរំភើយ ហាក់បីដូចជាអ្នករកស៊ីដឹកជ្រូកទាំងនោះ បានជូនបង្អែមលាងមាត់ដល់មន្ត្រីមួយចំនួនឈរជើងនៅច្រកយិនយ៉ានោះរួចទៅហើយ ។ សូមបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានផ្ញើសារជាបន្ទាន់ទៅកាន់មន្ទីរកសិកម្មនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសឱ្យពិនិត្យយ៉ាងហ្មត់ចត់ ទៅលើលិខិតនាំចូលសត្វជ្រូកទាំងឡាយពីប្រទេសវៀតណាម ដែលបញ្ជាក់ពីសុខភាពសត្វ និងពិនិត្យមើលឱ្យបានច្បាស់ទៅលើសត្វជ្រូកទាំងឡាយ ដែលនាំចូលទាំងនោះ ថាតើមានរោគសញ្ញានៃជំងឺឆ្លងដែរឬក៏អត់ នៅមុនពេលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ខណៈដែរបច្ចុប្បន្ននេះជ្រូកនៅវៀតណាមកំពុងកើតជំងឺប៉េសអាហ្រិក ដែលជាប្រភេទជំងឺឆ្លង ប៉ុន្តែវាមិនអាចចម្លងពីសត្វមកប៉ះពាល់ដល់មនុស្សបានទេ គឺវាអាចឆ្លងពីសត្វទៅសត្វដទៃទៀត ប្រសិនបើមិនមានវិធានការការពារទេនោះ។ ក្រោយមានការនាំជ្រូកយ៉ាងកំហកពីប្រទេសវៀតណាមតាមច្រករបៀងយិនយ៉ា នេះលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានប្រាប់ក្រុមអ្នកសារពត័មានតាមទូរស័ព្ទនៅថ្ងៃនេះថា ក្រុមមន្ត្រីរបស់លោកបានធ្វើការចាំស្ទាក់ត្រួតពិនិត្យនៅចំណុចផ្លូវបំបែកទម្លាប់នៅក្បែរការ៉ាសាំងមួយនៅក្នុងស្រុកគីរីវង់ដែរ ។ តែការឆ្លើយរបស់ប្រធានពេទ្យសត្វខេត្តតាកែវនេះ ហាក់បីដូចជានិយាយ យកតែបានតែប៉ុណ្ណោះ ខណៈដែលក្រុមអ្នកសារពត័មានដែលចុះទៅដល់គោលដៅ នោះគឺមិនមានឃើញនៅវត្តមានរបស់មន្ត្រីជំនាញពេទ្យសត្វធ្វើការចាំត្រួតពិនិត្យអ្វីឡើយ ៕