តើលោកគាត ហ៊ុលដែលបានឡើងកាន់តំណែងជា អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អាចធ្វើបានតាមការប្តេជ្ញាចិត្តរបស់លោកដែរឬទេ ?
បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោកគាត ហ៊ុលត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជំនួសលោកសាន ស៊ានហូ ដែលបានចូលនិវត្តន៍ ។ អភិបាលក្រុងប៉ោយប៉ែត ជាច្រើនអាណត្តិមកហើយ មិនមានឆន្ទៈក្នុងការអភិឌ្ឍន៍ប៉ុន្មានទេ បានឡើងធំហើយសង្វាតតែស្រវ៉ារកលាភសក្ការៈ ក្នុងតំណែងរបស់ខ្លួន ។ អភិបាលក្រុងប៉ោយប៉ែត ផុតពីលោក ង៉ោ ម៉េនជ្រួន បានបន្សល់ទុករឿងទំនាស់ដីធ្លី បញ្ហាសំរាម បរិស្ថាន ជាច្រើន ....ជាដើម ឲ្យលោក សាន ស៊ាន ហូ ចូលកាន់ដំណែងថ្មី ដើម្បីដោះស្រាយ បន្ត ។ ក្នុងអាណត្តិលោក សាន ស៊ានហូ គ្រាន់តែឡើងកាន់ តំណែង ភ្លាម ដោះស្រាយបញ្ហាសំរាមមុនគេ និងការសំអាតផ្លូវថ្នល់នៅក្នុងក្រុងប៉ោយប៉ែត រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដូចនៅចំណុចរង្វង់ប៉ោយប៉ែត ដែលធ្វើឲ្យមន្ត្រីប៉ូលីស ធ្លាប់ប្រមូលលុយកាក់ពីក្រុមតាក់ស៊ីចតនៅទីនោះ បានបាត់បង់ផលប្រយោជន៍ យ៉ាងធ្ងន់ធ្ងរ ។ លោក បានព្យាយាមពន្យល់ដល់ប្រជាពល រដ្ឋនៅក្នុងក្រុងប៉ោយប៉ែត អំពីសារៈសំខាន់របស់បរិស្ថាន តែប្រជាពលរដ្ឋធ្វើតាម មានតិចតួចណាស់ ។ លោកស្ទើជាប់ឈ្មោះថា ជាអភិបាលក្រង សន្យាខ្យល់ទៅហើយ ដែលលោក មិនអាចធ្វើបានដូចជា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋសហគមន៍ ផ្លូវដែក បញ្ហាប្រជាពលរដ្ឋ នៅមុខវត្តត្រាច ដែលសន្យាថារកដីសម្រាប់សង់លំនៅដ្ឋាន ដល់ពួកគាត់ សន្យាជាមួយព្រះសង្ឃ ត្រូវចាក់បេតុង .....ជាដើម ។ តែមិនទាន់បានឃើញការដោះ ស្រាយនេះបានចប់នៅឡើយទេ ។ មកដល់ពេលនេះគឺ លោក គាត ហ៊ុលបានមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មី ដោយលោកបានប្តេជ្ញចិត្តចំពោះមុខប្រជាពលរដ្ឋថា៖ ប្តេជ្ញាពង្រឹងអភិបាលកិច្ចល្អ យកចិត្តទុកដាក់ លើការបង្កើន ប្រសិទ្ធិភាព ការអនុវត្តគោលនយោបាយ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ ប្តេជ្ញាបង្កើនកិច្ចអភិវឌ្ឍន៍ តាមរយៈការប្រមូលផ្តុំ ឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងសមិទ្ធិផលនានា នៅទីប្រជុំជន និងដល់មូលដ្ឋាន ឲ្យបានរីកចម្រើន លើគ្រប់វិស័យ ។ ដូច្នេះប្រជាពលរដ្ឋ ទូទាំងក្រុងប៉ោយប៉ែត នឹងរង់ចាំមើលថា តើការប្តេជ្ញាចិត្តរបស់ លោកអភិបាលក្រុងថ្មី រូបនេះនឹងអាចធ្វើបាន តាមការប្តេជ្ញានោះដែរឬទេ ។