ស្ថានភាពពលករខ្មែរ ត្រឡប់មកពីថៃ ដើម្បីចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បែរត្រូវប៉ាន់អ្នករត់ការ បើកផ្លូវ !
បន្ទាយមានជ័យៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន ចូលឆ្នាំប្រពៃណីខ្មែរនេះ មានពលករខ្មែរ បានសំរុកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដើម្បីជួបជុំគ្រួសារប្រពន្ធកូន ដែលកំពុងតែរង់ចាំនៅស្រុកកំណើត ក្នុងឱកាសដែលស្ថានភាពកកស្ទះនៅច្រកចេញចូល ក៏មានជនជាតិឆ្លៀតឱកាសរកកំរ៉ៃ ជាមួយមន្ត្រីច្រកព្រំដែនថៃ បើពលករចង់ចូលមកខ្មែរ បានឆាប់ ត្រូវចូលទៅបន្ទប់ VIP ដែលត្រូវបង់លុយ ក្នុង ១ នាក់ ៣៥០ បាត ហើយចំណែក VIP ពិសេស អាចចេញលឿន ក្នុង ១ នាក់ ត្រូវបង់ថ្លៃ ១១០០បាត។
ស្ត្រីម្នាក់ មានទីលំនៅស្រុកថ្មពួក ដែលធ្វើដំណើរជាមួយគ្នា បានឃើញស្ថានភាពនោះ អ្នកស្រីបាន បញ្ជាក់ថា ក្រុមដែលឆ្លៀតឱកាសនោះ នៅចំណុចច្រកអន្តរជាតិ ខ្លងឡឹក ស្រុកអារញ្ញ ប្រទេសថៃ ជាប់និងព្រំដែនប្រទេសកម្ពុជា ពួកក្រុមនេះ ធ្វើស៊ីមួយពេលៗ នៅពេលស្ថានភាពស្ងប់ស្ងាត់ អាចឆក់ឱកាសបាន ក្រុមខ្មែរមួយក្រុមនោះ ចាប់ផ្តើមធ្វើស៊ីតែម្តង ! នៅពេលពលករ ខ្មែរស្រែកឆោឡោឡើង ហើយមេតម្រួតថៃមកដល់ ទើបពួកនោះគេចខ្លួនបាត់ ។ ពលករខ្មែរ ក៏មិនតិចនាក់ដែរកំពុងតែរងគ្រោះ ដោយសារតែការចំណាយនេះ ។
បើតាមសំដីបុរសម្នាក់ឈ្មោះ ប៊ុនធឿន ដែលកំពុងតែនៅក្នុងហេតុការណ៍នោះ បាននិយាយប្រាប់សារព័ត៌មានខ្មែរជាយដែនថាៈ ពួកក្រុមនោះជាឆ្លៀតឱកាស នៅពេលឃើញមានពលករ និងអ្នកឈររង់ចាំ ច្រើន ចាប់ផ្តើមឲ្យបំពេញនៅលើក្រដាស ១ សន្លឹក គេថា VIP ដោយចំណាយលុយ ក្នុង ១ នាក់ តំលៃ ៣៥០បាត បើចង់ចេញទៅខ្មែរលឿន ហើយចំណែក VIP ពិសេស នៅជាន់ខាងលើ តំរូវឲ្យបង់លុយ ចំនួន ១១០០បាត ។ ពួកនេះជាជនជាតិខ្មែរ ធ្វើសកម្មភាព តែនៅក្នុងពេលឃើញប្រជាពលរដ្ឋខ្មែរ កំពុងតែឈររង់ចាំ កកស្ទះនៅខាងមុខ ការិយាល័យ អន្តោបវេសន៍ថៃ ។
ចំណែក លោក ជួន សារី ជាមន្ត្រីអនុប្រធានប៉ុស្តិ៍អន្តោបវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត បានឆ្លើយបំភ្លឺថាៈ ចំពោះភាគីខាងខ្មែរយើងមិនបានយកលុយកាក់ ពីពលករឡើយ មានតែជួយសម្រួល ឲ្យប្រជា ពលរដ្ឋ បានចូលមកធ្វើមាតុប្រទេស ដើម្បីជួបជុំបងប្អូន គ្រួសារ ចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចំពោះករណីថាយកលុយកាក់នោះ មានតែខាងភាគីថៃ ដែលលោកធ្លាប់បានឮ កន្លងមក ចំណែកខាង ខ្មែរមិនបានប៉ៈពាល់រឿងលុយកាក់ឡើយ ។
ពលករចំណាក់ស្រុក ដែលទៅធ្វើការនៅប្រទេសថៃ បែងចែកជា បីក្រុម មានៈ ក្រុមទៅធ្វើការស៊ីឈ្នួល នៅជាប់ព្រំដែនកម្ពុជា ថៃ ទៅព្រឹកវិលល្ងាច . ក្រុមអ្នកទៅធ្វើការស៊ីឈ្នួលតាមរដូវកាល នៅពេលដល់ ខែធ្វើស្រែចំការ ត្រឡប់មកវិញ ហើយនិងក្រុម ដែលទៅធ្វើការស៊ីឈ្នួលក្នុងរយៈពេលយូរ នៅពេលដល់រដូវបុណ្យទាន ទើបត្រឡប់មកជួបក្រុមគ្រួសារវិញ ។ ជាធម្មតា ពលករ ដែលធ្វើការស៊ីឈ្នួល នៅប្រទេសថៃយូរ ហើយផ្ទះនៅឆ្ងាយ នៅពេលមកដល់ច្រកបំពេញបែបបទ ដើម្បីចូលមកខ្មែរ មានមនុស្សកកស្ទះច្រើន តែងតែមានក្រុមខ្មែរឱកាសនិយម បានឃុបឃិតជាមួយមន្ត្រីពុករលួយថៃ ធ្វើការរត់ការ ឲ្យបានចូលមកខ្មែរបានឆាប់ ហើយទាមទារលុយកាក់ ពីពលករទាំងអស់នោះ ។ ពលករនៅតែមិន ទាន់ផុតគ្រោះថ្នាក់ទេ នៅមានក្រុមតាក់ស៊ី កាប់ឆៅយកតំលៃថ្លៃ ហួសពីធម្មតាទៀត កន្លងមកក៍មានការប្លន់អ្នកជិះក៏មានដែរ ។
ចំពោះការលៈទេសៈនេះ សង្ឃឹមថាមន្ត្រីសមត្ថកិច្ច នឹងធ្វើការរៀបចំចាត់វិធានការ ការពារទប់ស្កាត់កុំឲ្យមានបញ្ហាទាំងអស់នេះ កើតដូចឆ្នាំចាស់ “ឲ្យសមទៅនិងប្រទេសដែលមានសន្តិភាពពេញលេញ” ៕