ថ្ងៃនេះ លោក ផែង វណ្ណៈ ត្រូវដោះលែងចេញពីពន្ធនាគារ ប៉ុន្តែក្របខ័ណ្ឌមន្ត្រីយោធា ត្រូវអស់…
ភ្នំពេញ៖ តាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ គឺបានកំណត់ការផ្តន្ទាទោសលោក ផែង វណ្ណៈ ជាមន្ត្រីយោធា និង ជានិពន្ធនាយកសារព័ត៌មានខ្លួនឯងផងនោះ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃ ប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ បង្ហាញថា លោក ផែង វណ្ណៈ នឹងត្រូវដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី១៨ ខែមិថុនា នេះ ហើយមួយខែក្រោយសាលក្រមនឹងចូលជាស្ថាពរ ប្រសិនបើជនជាប់ចោទ ផែង វណ្ណៈ ឬ ព្រះរាជអាជ្ញា មិនប្តឹងឧទ្ធរណ៍ទេនោះ ។ ក្រោយសាលក្រមចូលជាស្ថាពរ លោកផែង វណ្ណៈ នឹងមានឋានៈជា“ទណ្ឌិត” ។
មាត្រា២៨ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា អាចត្រូវតែងតាំងជានាយទាហានអាជីពបាន ចំពោះជនណាដែល ៖ មានសញ្ជាតិខ្មែរ , មានលិខិតថ្កោលទោសដែលបញ្ជាក់ថាគ្មានទោស , មានសម្បទាតាមតម្រូវការ ដើម្បីបំពេញមុខងារ ។
ត្រង់ចំណុចនេះ អាចបង្ហាញយ៉ាងច្បាស់ថា លោក ផែង វណ្ណៈ មានលិខិតថ្កោលទោស ដោយបញ្ជាក់ថា ធ្លាប់មានទោសពីមុនមក គឺ មិនអាចធ្វើជាមន្ត្រីយោធាបានទៀតទេ ។
ដោយឡែកជុំវិញ ការប្រកបវិជ្ជាជីវៈសារព័ត៌មានរបស់លោក ផែង វណ្ណៈ វិញ ក្នុងករណីតុលាការ មិនបានកំណត់ ថា ជនជាប់ចោទ មិនអាចប្រកបវិជ្ជាជីវៈសារព័ត៌មាន បាន មានន័យថា អ្វីៗជាធម្មតា ។