ទូតអឺរ៉ុបថា ដំណើរការស្វែងរកការពិតរបស់ខ្លួន ពីសិទ្ធិមនុស្ស និងសិទ្ធិការងារ មិនមែនរឿងនយោបាយ
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្កា ប្រាប់សារព័ត៌ខ្មែរជាយដែន តាមសារអេឡិចត្រូនិកនៅថ្ងៃទី៧ មិថុនា ថាបេសកកម្មស្វែង រកការពិតរបស់សហភាពអឺរ៉ុបមក កម្ពុជា ដែលជាផ្នែកមួយ នៃដំណើរការពិគ្រោះយោបល់ មុននឹងឈានទៅរកការសម្រេចព្យួរប្រព័ន្ធ អនុគ្រោះពន្ធ EBA គ្រោងនឹងចេញ សេចក្ដីថ្លែងការណ៍សង្ខេប អំពីដំណើរ បេសកកម្មស្វែងរកការពិត លើកនេះ នៅដើមសប្ដាហ៍ក្រោយ នៅពេលបិទបញ្ចប់បេសកកម្ម របស់ខ្លួន។
លោកបដិសេធ ការផ្តល់ព័ត៌មានលម្អិត អំពីលទ្ធផល នៃជំនួបរបស់ប្រតិភូបេសកកម្មនេះ ជាមួយមន្ត្រីពាក់ព័ន្ធ នៃរដ្ឋាភិបាលក្រុងភ្នំពេញ និងភាគីពាក់ព័ន្ធដទៃទៀត ។ ក៏ប៉ុន្តែលោកថា សហភាពអឺរ៉ុប តែងតែ ស្ដាប់ដោយយកចិត្ត ទុកដាក់ទៅ នឹងអ្វីដែលអាជ្ញាធរកម្ពុជា បានប្រាប់ពួកគេ ពាក់ព័ន្ធ នឹងកង្វល់នានា ជុំវិញបរិបទ EBA នេះ។ លោកថា កង្វល់របស់សហភាពអឺរ៉ុប គឺពាក់ព័ន្ធជាពិសេស ទៅនឹងវិស័យនានា ដែលកម្ពុជា ទំនងជាបានរំលោភអនុសញ្ញាអង្គការពលកម្មអន្តរជាតិ និងគោលការណ៍ស្នូលរបស់អង្គការ សហប្រជាជាតិទាក់ទង ទៅនឹងការគោរពសិទ្ធិមនុស្ស ដែលជាផ្នែកមួយនៃលក្ខខណ្ឌក្នុងការផ្ដល់ ប្រព័ន្ធអនុគ្រោះពន្ធ របស់អឺរ៉ុបនេះ។ លោក ចច អេដហ្កា សង្កត់ធ្ងន់ៗថា ដំណើរការបេសកកម្មនេះ គឺផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារសុទ្ធសាធ និងថាមិនមែនជារឿងនយោបាយ នោះឡើយ៕
ប្រតិភូសហភាព អឺរ៉ុបដែលបានបំពេញ បេសកកម្មស្វែងរកការពិត នៅកម្ពុជា នឹងជួបជាមួយគ្រប់ភាគី ពាក់ព័ន្ធរួមមាន មន្រ្តីរដ្ឋាភិបាល អង្គការសង្គមសុីវិល សហជីព និងសមាគមន៍រងគ្រោះដីធ្លី នៅក្នុងអំឡុងសប្តាហ៍នេះ ។
បេសកកម្ម សហភាពអឺរ៉ុបលើកនេះ ត្រូវបានក្រុមអង្គការសង្គមសុីវិល ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ពីព្រោះរបាយការណ៍នេះ នឹងត្រូវយកជាមូលដ្ឋានរឹងមាំ សម្រាប់គណៈកម្មការសហភាពអឺរ៉ុប ក្នុងការសម្រេចចិត្ត ព្យួរ ឬមិនព្យួរ ប្រពន្ធអនុគ្រោះព័ន្ធ EBA ពីកម្ពុជា នៅក្នុងរយពេលប៉ុន្មានខែ ខាងមុខទៀតនេះ ។