មន្រ្តីេខត្តថា មន្ត្រីក្រសួងយុត្តិធម៌ រំលោភយកដី ដែនជម្រកសត្វព្រៃ
មណ្ឌលគិរីៈ មន្ត្រីខេត្តមណ្ឌលគិរី ថ្លែងថា អាជ្ញាធរថ្នាក់ជាតិមានដូចជា ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានកំពុងចាត់វិធានការស៊ើបអង្កេតលើលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានធ្វើលិខិតក្លែងបន្លំដើម្បីរំលោភយកដីក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងស្រុកកោះញែក និងដែនជម្រកសត្វព្រៃកែវសីមាក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មន្ត្រីសុំលាក់អត្តសញ្ញាណម្នាក់ប្រាប់ខ្មែរជាយដែន កាលពីម្សិលមិញថា ករណីរំលោភយកដីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីមា របស់លោក សេង សុវណ្ណារ៉ា បានធ្លាក់ទៅដល់ដៃលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយ។ កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញខាងក្រសួងមហាផ្ទៃក៏បានចុះស៊ើបអង្កេតករណីនេះផ្ទាល់ ដល់ខេត្តរតនគិរីដែរ។
មន្ត្រីលាក់ឈ្មោះនោះថា៖ «សំណុំរឿងហ្នឹង បានរាយការណ៍ទៅដល់ក្រសួងបរិស្ថាន និងទៅដល់ក្រសួងមហាផ្ទៃ។ ទាំងករណីនៅដែនជម្រកសត្វព្រៃនៅអូររាំងនិងកោះញែកហ្នឹង ប៉ុន្តែធ្វើម៉េចកុំឱ្យប៉ះពាល់ដល់ស្ថាប័នរបស់ខ្ញុំ ។ និយាយរួមទៅ (ចំណាត់ការ) កំពុងស្ថិតក្នុងដៃរបស់ថ្នាក់ដឹកនាំ» ។
ការបញ្ចេញព័ត៌មានពីមន្ត្រីសុំលាក់ឈ្មោះនេះ គឺកាលពីពាក់កណ្ដាលខែ កក្កដា ឆ្នាំ ២០១៩ ក្រុមជនជាតិដើមភាគតិចមួយចំនួននៅខេត្តមណ្ឌលគិរីបានចែកចាយតាមទំព័រហ្វេសប៊ុកនូវលិខិតចំនួន ៣ សន្លឹក ។ ពួកគេអះអាងថា ជាលិខិតបែកធ្លាយរបស់លោក សេង សុវណ្ណារ៉ា បានស្នើសុំទៅរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីកាន់កាប់ដីចំនួន ៣ ទីតាំង ដែលមានទំហំជាង ១ ពាន់ហិកតា ស្ថិតក្នុងស្រុកអូររាំង និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ខណៈក្រុមជនជាតិដើមភាគតិចសង្ស័យថា ដីភាគច្រើនគឺស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងកែវសីមា និងមួយចំនួនទៀតលើដីសហគមន៍របស់ប្រជាពលរដ្ឋ។
លិខិតទី១ លោក សេង សុវណ្ណារ៉ា បានអះអាងថា លោកមានដីជាកម្មសិទ្ធិចំនួន ២៩២ ហិកតា ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លិខិតនេះត្រូវបានចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ចាប់ពីមេភូមិពូហ្សាមឈ្មោះ ញ៉ាង ម្យក់ មេឃុំសែនមនោរម្យឈ្មោះ ថ្វាន់ ត្រែល អភិបាលស្រុកអូររាំងឈ្មោះ នង ទណ្ណារី កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៨ និងការចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ពីលោកស្វាយ សំអ៊ាង អភិបាលខេត្តកាលពីខែ មករា ឆ្នាំ ២០១៩។
លិខិតទី២ លោក សេង សុវណ្ណារ៉ា បានស្នើសុំកាន់កាប់ដីចំនួន ៩៩០ ហិកតាទៀត ក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក និងមានការចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ចាប់ពីភូមិឃុំស្រុក និងរហូតដល់អភិបាលខេត្តដូចគ្នាកាលពីខែ មករា ឆ្នាំ ២០១៩។
លិខិតទី៣ លោក សេង សុវណ្ណារ៉ា ក៏អះអាងថា ខ្លួនក៏មានដីមួយកន្លែងទៀតស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ប៉ុន្តែលិខិតនេះ ទើបចុះហត្ថលេខាទទួលស្គាល់ត្រឹមលោក អ៊ុង សេរីវុទ្ធី មេភូមិពូរាំងប៉ុណ្ណោះកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
លោក ច្រើត អុិន សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិពូរាំងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ដីចំនួន ៩៩០ ហិកតា ក្នុងស្រុកកោះញែក ដែលលោកអភិបាលខេត្តមណ្ឌលគិរីទទួលស្គាល់ថាជាដីរបស់លោក សេង សុវណ្ណារ៉ា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ ដីចំនួន ២៩២ ហិកតាទៀត ដែលលោក សេង សុវណ្ណារ៉ា ស្នើសុំកាន់កាប់និងទទួលស្គាល់ពីអភិបាលខេត្តមណ្ឌលគិរី ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។
លោកបន្តថា ចំណែកដីចំនួន ៤៧២ ហិកតាទៀត របស់លោក សេង សុវណ្ណារ៉ា គឺជាដីរបស់ពលរដ្ឋនៅភូមិពូរាំង ប៉ុន្តែដីនេះ ត្រូវបានអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ប្រកាសដកឱ្យពលរដ្ឋវិញ ក្រោយមានពាក្យបណ្ដឹងរបស់ពលរដ្ឋជាបន្តបន្ទាប់ដាក់ទៅសាលាខេត្ត។
លោកថា៖ «ប៉ុន្តែបើទោះបីគាត់ (ស្វាយ សំអ៊ាង) ប្រកាសឱ្យដីនោះមកពលរដ្ឋវិញក្ដី ប៉ុន្តែពលរដ្ឋនៅតែព្រួយបារម្ភថា លោក សេង សុវណ្ណារ៉ា នឹងអាចមករំលោភជាថ្មី។ ព្រោះកន្លងមក គាត់តែងចុះមកគំរាមពលរដ្ឋថា គាត់មានលិខិតសំអាងពីខេត្តថា ដីទាំងនោះ គឺជាកម្មសិទ្ធិរបស់គាត់»។
ពីម្សិលមិញ ខ្មែរជាយដែនមិនអាចទាក់ទងលោក សេង សុវណ្ណារ៉ា បានទេ ដោយសារទូរស័ព្ទលោកមិនអាចហៅចូលបាន ខណៈលោក សុក សេរ៉ា មន្ត្រីនាំពាក្យសាលាខេត្តមណ្ឌលគិរីបញ្ជាក់ថាកំពុងជាប់រវល់ប្រជុំ។
លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា រឿងចោទប្រកាន់លោក សេង សុវណ្ណារ៉ា ថារំលោភយកដីក្នុងដែនជម្រកសត្វព្រៃ មិនពាក់ព័ន្ធក្រសួងទេ។
លោកបញ្ជាក់ថា៖ «អានេះវាគឺជាវិវាទរវាងបុគ្គលឯកជនជាមួយសហគមន៍ពាក់ព័ន្ធទៅនឹងកម្មសិទ្ធិដីធ្លី។ អ៊ីចឹងទេ រឿងនេះវាអត់មានពាក់ព័ន្ធនឹងក្រសួងទេ បានន័យថា ឱ្យដោះស្រាយតាមយន្តការច្បាប់ ប្រសិនបើយល់ឃើញថាគាត់រំលោភបំពាន អាហ្នឹងប្ដឹងផ្ដល់គ្នាទៅតាមយន្តការដែលមានស្រាប់ទៅ»៕