មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលើកឡើងពីបញ្ហាប្រឈមលើវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២០
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះនៃការវិនិយោគដោយសារកត្តាជាច្រើនដែលមានរួមមានកត្តាខាងក្នុង និងកត្តាខាងក្រៅ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នេះ បានពន្យល់ថា កត្តាដែលវិស័យសំណង់មានការធ្លាក់ចុះនៅក្នុងឆ្នាំ ២០២០ នេះ ដោយសាររដ្ឋាភិបាលបានបិតល្បែងអនឡាញកាលពីបំណាច់ឆ្នាំ ២០១៩ កន្លងមកនេះ ដែលធ្វើឱ្យអ្នកវិនិយោគមួយចំនួនដែលជាជនចិន បានធ្វើដំណើរការចាក់ចេញពីប្រទេសកម្ពុជា ។
លោកបន្ថែមទៀថា ជាមួយគ្នានេះ ក៏មានមានការផ្ទុះនូវជំងឺ coranavirusនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ខណៈដែលកម្ពុជាបានពឹងផ្អែកលើវិនិយោគិនចិន។ បន្ថែមពីនេះ ក៏មានបញ្ហាលើភាពមិនច្បាស់លាស់របស់ពិភពលោក សង្គ្រាមពាណិជ្ជរវាងប្រទេសចិន- អាមេរិក និងបញ្ហា EBAជាដើម។
តែយ៉ាងណាក៏ដោយ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសំណង់នេះ គឺមិនអូសបន្លាយរយៈពេលយូនោះទេ ហើយការធ្លាក់ចុះនេះ គឺមានកម្រិតបន្តិចបន្តួចតែប៉ុណ្ណោះ ដែលមិនគួរឱ្យមានព្រួយបារម្ភខ្លាំពេកដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានឱ្យដឹងកន្លងមកថា ការបញ្ជាឱ្យមានការបិតល្បែងអនឡាញរបស់ប្រមុខរាជរដ្ឋាភិបាល គឺប្រកដណាស់វាធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីក្នុងវិស័យអចលនទ្រព្យទាំងការជួល និងការធ្វើអាជីវកម្មផ្សេងៗ។ តែយ៉ាងណា ការប៉ះពាល់នេះ គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ អ្វីៗ នឹងល្អប្រសើរឡើងវិញក្នុងរយៈពេល ៣ ទៅ ៦ ខែទៅមុខទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំ មួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និង ក្រៅប្រទេស ។
សម្ដេចតេជោ ហ៊ុន សែនថា ការបិទ អាជីវកម្មហ្គេមអនឡាញនេះ ដើម្បីកុំឲ្យកម្ពុជា ក្លាយជាជម្រករបស់ ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពី ជនរង គ្រោះទាំងក្នុង និងក្រៅ ប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕