លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ គិតតែឃុបឃិតគ្នាពីរឿងប្រមូលលុយពីឈ្មួញយកទៅចែកគ្នា ដោយមិនគិតពីសុខភាពរបស់ប្រជាពលរដ្ឋ
បន្ទាយមានជ័យ ៖ តាមការបង្ហើបពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីជាច្រើនតោនក្នុងមួយថ្ងៃៗ។ ទំនិញទាំងនោះមានដូចជា សាច់ជ្រូក គ្រឿងក្នុងជ្រូក សាច់មាន់ គ្រឿងក្នុងមាន់ និង ប្រហិត រាប់តោន ព្រោះមន្ត្រីកាំកុងត្រូលដែលនៅក្រោមការគ្រប់គ្រង់របស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ គិតតែពីរឿងប្រមូលលុយពីឈ្មួញយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែម្តង។
ទំនិញផលិតផលពីសត្វខូចគុណភាពនិងមានផ្ទុកសារធាតុគីមីដែលឈ្មួញនាំចូលតាមអំពើចិត្តគឺជាប្រភពចំណូលដ៏ធំរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហើយប្រសិនបើឈ្មួញណាមិនបង់លុយតាមការកំណត់ទេនោះ ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន។
បច្ចុប្បន្នឈ្មួញមួយចំនួននៅតែអាចនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រករបៀងច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យ យ៉ាងពេញបន្ទុក។
ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទេនោះគឺមន្ត្រីកាំកុងត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីរអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីដូចជា សាច់ជ្រូក គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ និងប្រហិតច្រើនប្រភេទដូចសព្វថ្ងៃនេះឡើយ។ សមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ប្រភពស្និទ្ធនឹងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក សាន វិជ្ជាសារ៉ាវុធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ជាបង្អែកដ៏រឹងមាំ ជាក់ស្តែងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមីតាមច្រកប៉ោយប៉ែត រាប់តោនក្នុងមួយថ្ងៃៗ ហើយមន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដើរប្រមូលលុយប្រចាំខែពីអាជីវករ និងឈ្មួញដែលលក់ចែកចាយទំនិញទាំងនោះ នៅផ្សារអគ្គ ហៅផ្សារត្រី ក្រុងប៉ោយប៉ែត ក៏ដូចជាតាមផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ យ៉ាងគឃ្លើន។ ដូច្នេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរពិនិត្យឡើងវិញអំពើបញ្ហានេះហើយមិនគួរទុកឲ្យលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ៕