លោកមេឃុំ សៃ ឡៅ ប្រើអំណាចចាក់ដីលុបអូរ ពុះដីឡូត៍លក់បានលុយរាប់មុឺនដុល្លារ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រតិកម្មខ្លាំងទៅលើលោកមេឃុំបត់ត្រង់ ឈ្មោះ សៃ ឡៅ ដែលបានចាក់ដីលុបអូរបិទផ្លូវទឹក និងកន្លែងអភិរក្សពូជត្រី យកដីធ្វើផ្សារពុះដីល្វែងលក់យកលុយដាក់ហោប៉ៅយ៉ាងរំភើយ។
ដីដែលលោកមេឃុំពុះដីធ្វើល្វែងលក់យកលុយដាក់ហោប៉ៅយ៉ាងសប្បាយចិត្តនោះ ស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ថ្ងាន់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដីរដ្ឋទំនាបស្ទឹង និងអូរដៃស្ទឹង ជាប់តំបន់អភិរក្សត្រីវត្តអន្លង់ថ្ងាន់ ហើយនិងស្ពានអន្លង់ថ្ងាន់នោះមានទំហំជាង២រ៉ៃ ប្រមាណ២.០០០ ម៉ែត្រការ៉េ
ត្រូវបានលោកមេឃុំបត់ត្រង់ សៃ ឡៅ និងដៃគូរកស៊ី របស់លោកបានចាក់ដីបំពេញហើយធ្វើផ្សារ និងអង្កន់ជាដីល្វែងរាប់សិបប្លង់លក់ ឬជួលឲ្យអាជីវករនិងពលរដ្ឋ ដែលនេះជាដីស្ទឹង បឹងបួរ អូរធម្មជាតិរបស់រដ្ឋ មិនមែនរបស់ភូមិ ឃុំ និងរបស់ឯកជននោះទេ ហើយមិនអាចចាត់ចែងលក់ដូរ ស្រេចនឹងអំពើចិត្តឡើយ ។
ចំណែកលោកឃុំ ដា ជាដៃគូរកស៊ីរបស់លោកមេឃុំសៃ ឡៅ ប្រាប់ឲ្យដឹងថា ដីមានទំហំជាង២រ៉ៃនោះពីដើមឡើយជាដីផ្លូវទឹក ដីទំនាបស្ទឹង អូរ តែឃុំគ្រប់គ្រង ហើយពេលនេះ ឃុំនិងលោកបានធ្វើដៃគូរកស៊ី ដោយបានចាក់ដីអស់រយៈពេល១ខែមកហើយ គឺចាក់ដីធ្វើគម្រោងផ្សារសហគមន៍របស់ឃុំជំនួសផ្សារ ឬផ្ទះតៀមនៅតាមដងផ្លូវខេត្ត ដែលចង្អៀតនិងរងការប្រឈម នឹង គ្រោះ ថ្នា ក់ ចរាចរណ៍ ។
ផ្សារនេះ បានសង់រោងកណ្តាលដំបូង ទំហំ១២ម៉ែត្រគុណនឹង២០ម៉ែត្រ និងដីល្វែងជុំវិញជាច្រើនឡូតិ៍សម្រាប់ជួលក្នុងកុងត្រា៣០ឆ្នាំផងដែរ ។ដីឡូតិ៍តូចទំហំ៤ម៉ែត្រគុណ១០ម៉ែត្រ ជួលតម្លៃ១ ៤០០ ក្នុង១ឆ្នាំ ។ ដីឡូតិ៍ធំទំហំ១០ម៉ែត្រគុណ១០ម៉ែត្រ តម្លៃ៣.២០០ដុល្លា ហើយមកទល់ពេលនេះបានលក់អស់ហើយ ។
ជុំវិញនឹងករណីនេះ លោក សៃ ឡៅ មេឃុំបត់ត្រង់ បញ្ជាក់ថា គម្រោងផ្សារសហគមន៍របស់ឃុំនេះ ទទួលបានការឯកភាពពីអាជ្ញាធរស្រុក ហើយធ្វើលើដីបម្រុងរបស់ឃុំ ដែលត្រូវចុះកិច្ចសន្យានឹងអាជីវករ ឬពលរដ្ឋលក់ដូររយៈពេល៣០ឆ្នាំ សម្រាប់អ្នកជួល ឬទិញដីឡូតិ៍តូចនិងដីឡូតិ៍ធំ ។ ចំណែក ដីជម្រៅជាប់មាត់ស្ទឹងនិងអូរក្បែរតំបន់អភិរក្សពូជត្រីវត្តអន្លង់ថ្ងាន់ លោកនិងដៃគូ ទើបមានលទ្ធភាពស្តារអូរមួយកន្លែងយកអាចម៍ដីចំនួន៤.៧៣០ឡានបែនមកចាក់បំពេញ ដើម្បីធ្វើផ្សារថ្មីនេះ៕