ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះការខ្វះខាតអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈភិបាលខេត្ត បានចុះចែកអំណោយមនុស្សធម៌ដល់ពួកគាត់ ។
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជូបការខ្វះខាតស្បៀង រងផលប៉ះដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៨៥គ្រួសារ នៅក្នុងមូលដ្ឋានឃុំ សំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារប្រើប្រាស់ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ពួកគាត់ដែលកំពុងជួបបញ្ហាលំបាកនោះបានមួយគ្រាដែរ។
អំណោយនេះត្រូវបានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបាននាំយកទៅចែកផ្ទាល់ដៃជូនប្រជាពល រដ្ឋដែលជួបការខ្វះខាតនេះ កាលពីថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆារ១លីត្រ, អំបិល១គីឡូក្រាម, ស្ករស១គីឡូក្រាម, សាប៊ូដុសខ្លួន៤ដុំ, ក្រមា២, មុង១, ភួយ១, និងកន្ទេល១។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំ ហែងយើងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យឱ្យបាន ត្រឹមត្រូវដើម្បីកុំឱ្យឆ្លងរោគពីគេមកយើង និងពីយើងទៅគេ។ បើចាំបាច់ចេញក្រៅផ្ទះត្រូវពាក់ ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ជាប្រចាំ កាត់បន្ថយការ ជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល វេលា។ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាពរស់នៅ ឱ្យបានល្អជាប្រចាំដូច គ្នានឹងការគោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា។
ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យរូបនេះ ក៏បានជំរុញលើកទឹកចិត្តប្រជា កសិករឱ្យយកចិត្តទុកដាក់លើការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ព្រមទាំងពង្រឹងការងារចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីចូលរួមធានានូវតុល្យភាពស្បៀងអាហារ ក្នុងគ្រាមានវិបត្តិជំងឺ កូវីដ-១៩នេះ។ ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុង ប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងណាដែលធានាបានសុវត្ថិភាព ចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិតនោះ៕