ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបា ន។ សម្តេច ស ខេង ថ្លែងព្រមានថា មន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើឡើងធ្វើធំដើម្បីតែអំណាចខ្លួន និងការពារផលប្រយោជន៍ខ្លួនឯងមិនបាច់ឡើងក៏បានដែរ បើអ្នកខ្លាចនិងមិនទទួលយកការរិះគន់មានវិធីមួយ ដើម្បីចៀសវាងការរិះគន់ គឺកុំនិយាយអ្វីទាំងអស់ កុំធ្វើអ្វីទាំងអស់ និងឈប់ក្លាយជាអ្វីទាំងអស់ ព្រោះមន្ត្រីល្អគេស្មោះសរនឹងការងារគឺជាអម្រែកបន្ទុក ឯមន្ត្រីអាក្រក់មិនស្មោះត្រង់នឹងការងារគឺជាការត្រេកត្រអាលពីលាភសក្ការ:។ ក្រោយមានការរិះគន់ពីប្រជាពល រដ្ឋក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក គេហទំព័រ និងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាការពារ សន្តិសុខសង្គម និងពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្នុងភូមិសំរោង២ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាងមួយចំនួនកាលពីដើមខែកក្កដាកន្លងមកនេះ។ ជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន :សម្ភារ:កែច្នៃ (ទរទឹកភ្លៀង)មួយឈុត,វិទ្យុទាក់ទងចំនួន០៦គ្រឿង,ឆ្នាំងសាកវិទ្យុ ទាក់ទងចំនួន០៣គ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង។ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយសារការលេងនេះ មិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ។ ក្នុងប្រតិបត្តិការនោះ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ លឹម ពុទ្ធីឡា ស្នងការរង ទទួលបន្ទុកផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ដោយបានចុះបង្ក្រាបករណីទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើ។ ប៉ុន្តែប្រជាពលរដ្ឋបានសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះការបង្ក្រាបរបស់សមត្ថកិច្ចថា ជាការបំភ័ន្តភ្នែកមហាជន ខណ:សមត្ថកិច្ចធ្វើជាចាប់ខុយៗ មិនចំមនុស្ស រួចដោះសារមិនមានភ័ស្តុតាងដាក់បន្ទុក ដែលការចាប់យកបានតែកាកសំណល់ល្បែងស៊ីសងបែបនេះ វាខុសពីអ្វីដែលគណ:កម្មការបង្ក្រាបបទល្មើសបានដាក់ចេញនូវវិធានការអនុវត្តន៍ច្បាប់តាមបទបញ្ជាឲ្យចាប់ទាំងមនុស្សរួមនឹងវត្ថុតាងក្នុងការដាក់បន្ទុកទៅលើជនសង្ស័យលើករណីអ្វីមួយ ដូចជាករណីសេពគ្រឿងញៀន មិនមែនចាប់យកតែថ្នាំញៀន ឯជនប្រព្រឹត្តឲ្យរួចខ្លួននោះឡើយ។ ប្រជាពលរដ្ឋលើកឡើងថា ស្នងការនគរបាលខេត្តបាត់ដំបងបង្កើតឈុតឆាកបង្ក្រាបជាយុទ្ធសាស្ត្របង្វែរទិសដៅបំភ័ន្តភ្នែកមហាជននិងអ្នកសារព័ត៌មានប៉ុណ្ណោះ តែអ្វីជាការពិតមិនអាចលាក់បាំងបានឡើយ បើទោះបីជាខំប្រឹងយកចង្អេរទៅបិទបាំងខ្មោចដំរីងាប់នោះក៏វាមិនជិតដែរ។ប្រជាពលរដ្ឋនិយាយថា ចាប់តាំងពីបើកដំណើរការតាំងពីមុនចូលឆ្នាំខ្មែរ មកដល់បច្ចុប្បន្ន ទីតាំងបនល្បែងទឹកភ្លៀងដ៏ធំនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្ត បាត់ដំបង នៅតែដំណើរការយ៉ាងរលូន និងគ្មានការបង្ក្រាបសូម្បីតែមួយលើកនៅទីតាំងខាងលើនេះទេ ដែលការចាប់កន្លងមកគឺពុំមែនជាទីតាំងធំនោះឡើយ ដោយគ្រាន់តែជាការរៀបចំសំដែងឈុតឆាកល្ខោនប៉ុណ្ណោះ។ ប្រភពបែកធ្លាយនេះ ត្រូវបានគេដាក់ការសង្ស័យថា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ក៏ទំនងជាអាចមានប្រយោជន៍ផងដែរ ទើបបានជាទុកឱកាសឲ្យមេខ្លោងម៉ាស់ហ្វៀរទឹកភ្លៀង ឈ្មោះ អួន តាល់ នេះ ជិះសេះលែងដៃបើកបនល្បែងស៊ីសងយ៉ាងសុខស្រួល ធ្វើឲ្យប្រជាពលរដ្ឋដែលជាកូន ជាចៅរស់នៅក្នុងខេត្តបាត់ដំបង បានសំដែងការមិនពេញចិត្ត ថែមទាំងរិះគន់លោក ងួន រតន: ពេញក្រុង-ខេត្តបាត់ដំបង ដោយសារតែលោកជាអ្នកដឹកនាំ ជាអាណាព្យាបាល បែរជាព្រងើយកន្តើយក្នុងរឿងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះ ដោយគ្មានឆន្ទ:ក្នុងការបង្ក្រាប ទើបបណ្តោយឲ្យដំណើរការលេងយ៉ាងពេញទំហឹងតែម្តង។ ចំណែកឯការិយាល័យជំនាញ ដែលបានប្រមូលកាកសំណល់ល្បែងស៊ីសងធ្វើជាវត្ថុតាងយកមករក្សាទុកនៅស្នងការខេត្តបាត់ដំបង ដើម្បីរង់ចាំការស្រាវរកមេខ្លោងធំបន្តទៀតនោះ ក៏ជារបាយការណ៍សំរាប់បង្ហាញស្នាដៃជូនថ្នាក់ដឹកនាំ ដោយពុំមានន័យខ្លឹមក្នុងផ្លូវច្បាប់អ្វីឡើយ ផ្ទុយទៅវិញរបាយការណ៍ខាងលើនេះ គឺចាប់ខុសគោលដៅសោះ? កន្លែងលេងធំពិតប្រាកដ គឺនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង នៅតែបន្តបើកលេងដដែលទេ ដែលគេមិនទាន់ឃើញមានការចុះទៅចាប់បង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុត ប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅ ដោយសង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់មេបនឧក្រិដ្ឋជនសម្ងាត់ (mafia) អួន តាល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់និងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងភ្នាល់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង នេះតទៅទៀត ដើម្បីអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា