សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំទៅអភិបាលខេត្ត ឲ្យចុះជួបប្រជាពលរដ្ឋផ្ទាល់ នៅកន្លែងណា ដែលមានទំនាស់ដីធ្លី ដើម្បីស្រាវជ្រាវឲ្យបានច្បាស់លាស់ពីសាវតារនៃទំនាស់ដីធ្លីនោះ និងការតវ៉ារបស់ប្រជាពលរដ្ឋ។ សម្តេច ប្រាប់អភិបាលខេត្តថា ការចុះជួបប្រជាពលរដ្ឋនិងការចុះស្រាវជ្រាវដោយផ្ទាល់ គឺដើម្បីធ្វើជាមូលដ្ឋាន ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់។ ការណែនាំរបស់សម្តេច ស ខេង គឺធ្វើឡើងតាមរយៈលិខិត ដែលផ្ញើជូនទៅគ្រប់អភិបាលខេត្ត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ សម្តេច ណែនាំអភិបាលខេត្ត ឲ្យណែនាំបន្ត ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីបញ្ជាក់ឬចុះហត្ថលេខាលើលិខិតស្នាមនានា ពាក់ព័ន្ធនឹងដីធ្លី ឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ និង នីតិវិធី។ រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអភិបាលខេត្ត «ចាត់វិធានការឲ្យបានម៉ឺងម៉ាត់» លើមន្ត្រី ដែលបញ្ជាក់ឬចុះហត្ថលេខាលើលិខិតស្នាមមិនស្របច្បាប់ ពាក់ព័ន្ធនឹងដីធ្លី។ លើសពីនេះ សម្តេចរដ្ឋមន្ត្រី ជំរុញឲ្យអភិបាលខេត្ត យកចិត្តទុកដាក់ចំពោះស្ថិតិប្រជាពរដ្ឋ និងដីធ្លីរបស់ពួកគាត់ ដែលកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់គម្របព្រៃ ដើម្បីកាត់ឆ្វៀលដីនិងផ្តល់កម្មសិទ្ធិជូនពួកគាត់ ព្រមទាំងរៀបចំដី១០ភាគរយទៀត សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។ មាត្រា៣០នៃច្បាប់ភូមិបាល ចែងថា បុគ្គលទាំងឡាយ ដែលបានអាស្រ័យផល នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី៥ឆ្នាំយ៉ាងតិច មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិ។ ភោគៈ គឺសំដៅលើទ្រព្យសម្បតិ្តជាដីធ្លី ដែលបុគ្គលណាម្នាក់ កំពុងកាន់កាប់ស្របច្បាប់និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន តែមិនទាន់មានប្លង់រឹង ពីក្រសួងដែនដី។ សម្តេចរដ្ឋមន្ត្រី នៅក្រើនរម្លឹកទៀតថា អភិបាលខេត្ត ត្រូវបង្កើនការតាមដាននិងការគ្រប់គ្រងសភាពការណ៍ ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិនិងតំបន់គម្របព្រៃ ដើម្បីទប់ស្កាត់កុំឲ្យមានការរុកទន្ទ្រានកាន់កាប់ដីព្រៃឬដីរដ្ឋដោយខុសច្បាប់បន្តទៀត។ សម្តេច សង្កត់ធ្ងន់ជាមួយអភិបាលខេត្តយ៉ាងដូច្នេះថា៖«រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មី លើដៃព្រៃឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមដាច់ខាត ហើយត្រូវប្រើវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យតឹងរឹងនិងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់»។ ជាមួយគ្នានេះ អភិបាលខេត្ត ត្រូវអប់រំនិងណែនាំប្រជាពលរដ្ឋ ដើម្បីកុំជឿតាមការញុះញង់របស់មេខ្យល់ឬជនខិលខូច ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ពីបញ្ហាដីធ្លី។ នេះជាប្រសាសន៍របស់សម្តេចរដ្ឋមន្ត្រីដដែល ហើយសម្តេច ដាក់បញ្ជាថា៖«ករណីនេះ ត្រូវមានវិធានការបង្ក្រាបមេខ្យល់និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន»។ សម្តេចរដ្ឋមន្ត្រីមហាផ្ទៃ ចេញបញ្ជានេះ គឺជាការបន្ថែមទៅនឹងបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា ដំណាក់កាលនេះ គឺត្រូវវះកាត់រាល់ជនខិលខូច ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ។ ប្រមុខរដ្ឋាភិបាលថា បើរកឃើញជនខិលខូចទាំងនោះ គឺត្រូវផ្តន្ទាទោស និងឈានដល់ការដកហូតមុខតំណែង ហើយថែមទាំងបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង។ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាចឬពួកឧកញ៉ា-ឯកឧត្តម គឺជាបញ្ហារ៉ាំរ៉ៃនិងស្មុគស្មាញមួយ នៅកម្ពុជា។ មកដល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋ បន្តទាមទារនិងសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល លើការរំលោភបំពានដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ ពីសំណាក់អ្នកមានលុយ-មានអំណាច។ រដ្ឋាភិបាល ក៏ប្រឹងប្រែងដោះស្រាយដែរ តែនៅតែមិនអស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា