ប្រជាពលរដ្ឋលែងទុកចិត្ត នឹងអង្គភាពពន្ធដារខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបង់ពន្ធនៅភ្នំពេញ ធ្វើឲ្យបាត់បង់ចំណូលខេត្ត
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ទៅលើអង្គភាពពន្ធដារសាខាខេត្តបន្ទាយមានជ័យថា ក្នុងការវាយតម្លៃការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រាគឺតាមតែបបូរមាត់របស់ពួកគាត់តែប៉ុណ្ណោះ។ ហើយរបៀបក្នុងការយកពន្ធហាក់ដូចជាមានបង្កប់នូវអំពើពុករលួយ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្រប់ទៅតាមគោលនយោបាយថ្នាក់ជាតិ ។
ប្រភពពីក្រុមហ៊ុនលក់ដូរអចលន:ទ្រព្យខាងដីល្វែង និងផ្ទះល្វែងបានឲ្យដឹងទៀតថា ក្នុងការកំណត់វាយតម្លៃមូលដ្ឋានគិតពន្ធប្រថាប់ត្រាក្នុងខេត្តបន្ទាយមានជ័យ របស់អង្គភាពពន្ធដារ គឺមិនបានយកតាមតារាងឧបសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដានោះទេ បែរជាគិតតាមតែបបូរមាត់របស់មន្រ្តីពន្ធដារតែប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថាលោកព្រឹម សាលី និងលោកសឿង សីហា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយពេញបន្ទុកដោយលោកព្រឹម សាលី បានប្រើប្រាស់លោកសឿង សីហា ដែលមានតួនាទីជាអនុប្រធានការិយាល័យ ទទួលបន្ទុកផ្នែកចុះបញ្ជីសារពើពន្ធ ឲ្យធ្វើការវាយតម្លៃទៅអចលន:ទ្រព្យផ្សេងៗដោយបានធ្វើការគាបសង្កត់ទៅលើក្រុមហ៊ុនលក់ដីល្វែង និងផ្ទះល្វែងជាដើម។
បញ្ហាបែបនេះគឺជារឿងដែលថ្នាក់ដឹកនាំ ក្រសួងហិរញ្ញវត្ថុ និងនាយកដ្ឋានពន្ធដារ មិនគួរបណ្តែតបណ្តោយឲ្យលោកព្រឹម សាលី និងលោកសឿង សីហាធ្វើបែបនេះតទៅទៀតឡើយ។
សារពត៌មានយើងខ្ញុំសង្ឃឹមថា នឹងបានទទួលការស្រាយបំភ្លឺពីលោកព្រឹម សាលី និងលោកសឿង សីហា ក្រោយអំពីការចេញផ្សាយនូវអត្ថបទនេះ ។